ភ្នំពេញៈ មួយរយៈពេលចុងក្រោយនេះស្រីរូបស្រស់រាងតូចច្រឡឹង កញ្ញាលីលី ត្រូវបានគេសង្កេតឃើញថា នាងមានភាពស្ងប់ស្ងាត់ពីជីវិតសិល្បៈ។ ប្ត៉ន្តែផ្ទុយទៅវិញជារើយៗគេឧស្សាហ៍ឃើញនាងស្ពាយបង្វេចឡើងយន្តហោះចេញទៅដើរលេងក្រៅប្រទេសជាញឹកញាប់រហូតដល់មានលេចឮនូវព័ត៌មានអេចអ៊ូចថា នាងមានបុរសជាអ្នកសម្បូរទ្រព្យចាំជួយទំនុកបម្រុងពីក្រោយខ្នងទៀតផង ។
តាមប្រភពបានបង្ហើបប្រាប់ឲ្យដឹងថា ពេលនេះតារាចម្រៀង កញ្ញា លីលី ហាក់ឃ្លាតឆ្ងាយពីជីវិតសិល្បៈជាងមុនច្រើនដោយនាងឧស្សាហ៍ចេញចូលទៅដើរលេងនៅក្រៅប្រទេសជាញឹកញាប់ ។ មានពេលខ្លះខាងផលិតកម្ម ឬក៏ក្រុមហ៊ុន គេមកទាក់ទងការងារជាមួយនាងក៏មិននាងទទួលដែរ ព្រោះនាងមិនសូវខ្វល់ខ្វាយពីការងារដូចពេលមុនទេ ហើយពេលនេះនាងបែរជាផ្លាស់ប្តូរជីវិតមករស់នៅក្នុងជីវភាពឡូយឆាយ ហ៊ឺហា ស៊ីវិល័យ សម្បូរលុយដើរលេងក្រៅស្រុកជាច្រើនប្រទេសមិនចេះចប់មិនចេះហើយទៅវិញ។
ប្រភពដដែលបានបង្ហើបប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្នុងមួយរយៈពេល ចុងក្រោយនេះកញ្ញា លីលី បានផ្លាស់ប្តូរពីជីវិតអ្នកសិល្បៈទៅរស់នៅក្នុងជីវភាព ហ៊ឺហាចាយលុយមិនចេះអស់ដោយសារតែនាងមានបុរសអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់ចាំចេញលុយឲ្យនាងចាយ ទោះជាអស់ប៉ុន្មានក៏ដោយក៏មិនស្តាយដែរឲ្យតែនាងបានសប្បាយចិត្ត ។ មិនតែប៉ុណ្ណោះ គេសុខចិត្តធ្វើគ្រប់បែបយ៉ាងឲ្យតែនាងសប្បាយចិត្ត និងផ្តាច់ខ្លួនចេញពីពិភពសិល្បៈទាំងស្រុង ហើយ មនុស្សប្រុសដែលនៅពីក្រោយខ្នងនាងនោះ ក៏ជាអ្នកមានទ្រព្យមិនតិចទេ គឺរូបគេអាចចិញ្ចឹមបីបាច់នាងឲ្យរស់នៅបានយ៉ាងសុខស្រួលទៅថ្ងៃអនាគតដោយនាងមិនចាំបាច់បន្តអាជីពជាអ្នកសិល្បៈទៀតក៏បាន។
ការលើកឡើងបែបនេះ គឺស្របពេលដែលទស្សនិកជនអ្នកតាមដានសិល្បៈភាគច្រើន បានសង្កេតឃើញពីភាពស៊ីវិល័យរបស់តារាចម្រៀងស្រីវ័យក្មេងសម្រស់ឆើតឆាយ កញ្ញា លីលី តែងតែបង្ហោះរូបថតជាច្រើននៅបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបង្ហាញថា នាងបានចេញទៅដើរកម្សាន្តនៅក្រៅប្រទេសប្រាកដមែន ។ តែចំពោះការលើកឡើងថា នាងមានប្រុសកំពូលស្នេហ៍ចាំជួយទំនុកបម្រុងលុយកាក់ឲ្យនាងចាយវាយពេញៗដៃនោះយើងមិនអាចសន្និដ្ឋានបានថា ពិតប្រាកដនៅឡើយទេ។
ទាក់ទងព័ត៌មានខាងលើនេះកាសែតអរិយម៌មិនអាចទាក់ទងទៅនាងដើម្បីសុំការបំភ្លឺណាមួយបានទេ ដោយសារតែលេខទូរស័ព្ទដែលនាងធ្លាប់ប្រើនាពេលកន្លងមិនអាចទាក់ទងបានទេ៕