សៀមរាប : កាលពីថ្ងៃទី០៥ រហូតដល់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៣ ត្រូវបានកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន ខេត្តសៀមរាប បានប្រើប្រាស់គ្រឿងចក្រ រថយន្ដដឹកដី និង ផ្ទាំងប៉េតុងធំៗ និងដឹកនាំកម្លាំង ដើម្បីទប់ទំនប់ តាកាវ នេះឡើងវិញ បន្ទាប់ពីអាជ្ញាធរអប្សរា ព្យាយាមដឹកនាំកម្លាំងទប់ ប្រមាណពេញពីរថ្ងៃ រហូតដល់ពេល យប់មិនបាន
សម្រេច ថែមទាំងបានបាក់សារជាថ្មី បន្ទាប់ពីការប្រើប្រាស់កូនឈើ តង់កៅស៊ូ រនាំងឬស្សី និងការ៉ុងដី បិទទប់ រហូតដល់ម៉ោងប្រមាណ ១០យប់ ថ្ងៃទី០៧ ខែតុលា នោះ។
អ្នកមើលការខុសត្រូវម្នាក់ នៅឯកាដ្ឋានទំនប់តាកាវ បានឲ្យដឹងថា ចាប់ពីព្រលឹម រហូតដល់ រសៀលម៉ោង ៦ ថ្ងៃ ទី០៨ ខែតុលា ឆ្នាំ២០១៣នេះ ទំនប់តាកាវ បានចាប់ផ្ដើមទប់ជាប់ជាបណ្ដើរៗហើយ ក្រោមការអនុវត្ត ដោយ កងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន ខេត្តសៀមរាប ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ខេង សុមេធ ជា
មេបញ្ជាការនៃកងវិស្វកម្ម បាននាំគ្រឿងចក្រ រថយន្ដដឹកដី និងប្រើប្រាស់ផ្ទាំងថ្មធំៗដើម្បីទប់ទំនប់ នោះឡើងវិញ តាមលក្ខណ:បច្ចេកទេស និងតាមសភាពជាក់ស្ដែង ។
នៅថ្ងៃនេះដែរ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមដំណើរដោយលោកអភិបាលខេត្ត ឃឹម ប៊ុនសុង និងមន្ត្រីជាន់ខ្ពស់ បានចុះទៅពិនិត្យការការទប់ទំនប់តាកាវកាលពីរសៀលថ្ងៃទី០៨ ខែតុលានេះ។ ហើយលោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់ជូននូវថវិកាចំនួន ១០លានរៀន ជូនដល់កងកម្លាំងប្រដាប់អាវុធ និងអ្នកចូលរួមក្នុងការទប់ទំនប់នោះ។ បន្ទាប់មកលោក បានបន្តចុះពិនិត្យស្ថានភាពទឹកដែលបានហៀរហូរ ជន់លិច ផ្នែកខ្លះនៃក្រុងសៀមរាបនោះ ។ រួចលោក ទើបបន្តទៅពិនិត្យស្ថានភាព ទឹកនៅបារាយណ៍ និងសកម្មភាពបើកផ្លូវរំដោះទឹកចេញពីបារាយណ៍ នៅបែក ខាងលិច ។
សូមបញ្ជាក់ជាថ្មីថា ទំនប់បុរាណ ឬ ផ្លូវបុរាណ ឈ្មោះទំនប់តាកាវ នោះ ត្រូវបានបាក់ដោយអំណាចនៃកម្លាំងទឹកបុកទម្លាយ ដែលមានទំហំប្រមាណជា ២០ម៉ែត្រ និងជម្រៅប្រមាណ ៤-៥ម៉ែត្រ បានបាក់ កាលពីវេលាម៉ោង ប្រមាណជា ៧យប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៣ ដែលស្ថិតនៅចម្ងាយប្រមាណជា មិនដល់ ១០០ម៉ែត្រ ពីខ្លោងទ្វារខាងលិច ផ្លូវចូលប្រាសាទបាយ័ន (អង្គរធំ) ខាងលើទន្លេអ៊ុំ ដែលត្រូវបានអំណាចនៃកម្លាំងទឹក ដែលជាប់ទ្វារទឹក ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា បុកទម្លាយទំនប់ បណ្ដាលឲ្យទឹកហៀរហូរ ជន់ លិច ស្ទើរមួយចំហៀងក្រុងរហូតមកដល់ព្រលប់ថ្ងៃនេះ ៕
» Breaking News, ព័ត៌មានជាតិ » ទប់ទំនប់តាកាវឡើងវិញ (បន្ទាប់ពី អាជ្ញាធរអប្សរា ព្យាយាមទប់ ស្ទើរពីរថ្ងៃ មិនបានសម្រេច)