ស្វាយរៀង ៖ យុវជន២នាក់ ម្នាក់បានដាច់ដៃចេញពីស្មាត្រឹមក្លៀកធ្លាក់ចេញពីដងខ្លួន និងម្នាក់ទៀតបែកក្បាលរបួសធ្ងន់ និងបានស្លាប់ ខណៈពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយសារជិះម៉ូតូបុកគោយន្តចតចោលលើចិញ្ចើមថ្នល់ កាលពីវេលាម៉ោង៧ និង២៥នាទីយប់ នៅលើកំណាត់ផ្លូវជាតិលេខ១ ចំណុចភូមិគោកកន្តោល ឃុំក្រោលគោ ស្រុកស្វាយជ្រំ។
បើតាមនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះឈីវ ប៊ុនថា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្វាង ឃុំប្រធាតុ ស្រុកមេសាង ខេត្តព្រៃវែង ចំណែកអ្នករួមដំណើរម្នាក់ទៀតឈ្មោះខែម ថុល ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស មានទីលំនៅភូមិស្វាង ឃុំប្រធាតុដែរ។
ក្រោយកើតហេតុម្ចាស់គោយន្តបានមកបញ្ឆេះម៉ាស៊ីនបើកគេចខ្លួនបាត់ស្រមោល រីឯជនរងគ្រោះត្រូវរថយន្តសង្គ្រោះស្នងការដ្ឋាននគរបាលខេត្តដឹកទៅសង្គ្រោះ តែដោយសាររបួសធ្ងន់ពេកជនរងគ្រោះទាំង២នាក់បានដាច់ខ្យល់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ៕