ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានថ្លែងឲ្យដឹងថា ក្រោយចាប់បានជនសង្ស័យ ទាំងពីរនាក់ សមត្ថកិច្ច របស់លោក បានរឹបអូសកាំភ្លើងខ្លី២ដើមកា៥៤ និងកា៥៩ រួមទាំងម៉ូតូម៉ាកស្តុបពី បស់ជនរងគ្រោះ ដែលពួកវា បានធ្វើសកម្មភាពប្លន់ នៅម្តុំសាលាទួនហ្វា ។
ក្រុមចោរប្លន់ ប្រដាប់អាវុធ ចំនួន២នាក់ ដែលតែងតែ ធ្វើសកម្មភាព បាញ់ប្លន់ម៉ូតូ និងទ្រព្យសម្បត្តិផ្សេងៗដ៏កក្រើក នៅរាជធានីភ្នំពេញ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាល និងស្នងការរង នគរបាល លោកឧត្តសេនីយ៍ ជួន ណារិន្ទ ចាប់បាន កាលពីវេលាម៉ោង ប្រមាណម៉ោង៩ជាង យប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៣ ក្រោយពីភាគីទាំងពីរ បានបាញ់តដៃគ្នា មួយប្រាវ រហូតធ្វើឲ្យជនសង្ស័យម្នាក់ រងរបួសផងដែរ។
លោក ជួន ណារិន្ទ បានបន្តទៀតថា មុនពេលកើតហេតុ ក្រុមចោរទាំងនេះ និងបក្ខពួក បានធ្វើសកម្មភាព បាញ់ប្លន់ ម៉ូតូរបស់ស្ត្រីម្នាក់ នៅម្តុំសាលាចិនទួលហ្វា ពេលនោះកម្លាំង នគរបាលព្រហ្មទណ្ឌ របស់លោក បានដេញតាមពីក្រោយ លុះមកដល់មុខក្រសួងមហាផ្ទៃ និងមុខផ្លូវចូល អគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រុមចោរទាំងនោះ បានធ្វើសកម្មភាពបាញ់ មកសមត្ថកិច្ច ហើយសមត្ថកិច្ចបានតដៃទៅវិញ ជាហេតុធ្វើឲ្យជនសង្ស័យម្នាក់ រងរបួស និងត្រូវចាប់ខ្លួន។
មន្ត្រីនគរបាលម្នាក់ បានឲ្យដឹងថា មុនពេលឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យទាំងនេះ គឺលោកស្នងការនគរបាល ជួន សុវណ្ណ បានដេញតាមពីក្រោយ និងកម្លាំងនគរបាលដឹកនាំដោយ លោក ជួន ណារិន្ទ ស្ទាក់ពីមុខជាហេតុនាំឲ្យ ជនសង្ស័យបាញ់មកលើ សមត្ថកិច្ចជាហេតុ នាំឲ្យភាគីទាំងពីរ បាញ់តដៃគ្នាតែម្តង៕