ភ្នំពេញ ៖កាលពីវេលាម៉ោង៨និង៣៥នាទី ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍កំបូល និងកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានសហការខ្លួនមេខ្លោងជួញដូរគ្រឿងញៀនម្នាក់និងស្រីស្នេហ៍ ក្នុងពេលដែលពួកគេកំពុងស្ថិតក្នុង
សណ្ឋាគារ ម៉ូឌែន ធីតា ស៊ីធី ។
ជនសង្ស័យជួញ ដូរគ្រឿងញៀនខាងលើនោះ ឈ្មោះ ប៉ិច ប៊ុនសេង អាយុ២៦ ឆ្នាំមានទីលំនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំង ក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ចំណែកឯស្រីស្នេហ៍ឈ្មោះ នី ធីតា អាយុ១៨ឆ្នាំ មានទីលំនៅក្នុងឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
លោកវរៈ សេនីយ៍ទោ ប៊ន សំអាត អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនោះកម្លាំងរបស់លោកដកហូតបានថ្នាំញៀន ១កញ្ចប់និងអាវុធខ្លីម៉ាកកា៥៤ មួយដើម។ បន្ទាប់មក កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវបន្ត ហើយបានឈានទៅចាប់ខ្លួនបក្ខពួក២នាក់ទៀត ដែលជាអ្នកចែកចាយបន្តនៅ ចំណុចជិត
វត្តពូនភ្នំ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដែលជន២នាក់នោះមានស្រុកកំណើតក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ៕