បន្ទាយមានជ័យ: ឥឡូវនេះ នៅចំណុចខ្លះទិដ្ឋភាពទីរួមខេត្តបន្ទាយមានជ័យ ប្រៀបបាននឹងនៅតំបន់ជនបទដាច់ស្រយាល។ ការលំបាកធ្វើដំណើរនិងដឹកជញ្ជូន ព្រមទាំងភាពគ្មានសោភ័ណភាព ទាញទម្លាក់មុខមាត់ទីរួមខេត្តមួយនេះ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។ ការធ្វើដំណើរ ពិសេសពុទ្ធបរិស័ទទៅវត្ត ត្រូវប្រយ័ត្នជិះម៉ូតូដួលកំពប់ចង្ហាន់
ព្រះសង្ឃ និងប្រយ័ត្នខ្ចាយភក់ខ្ចាយទឹកប្រឡាក់ខោអាវ។
ភ្លៀងរណ្ដំប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កខូចខាតផ្លូវដីគ្រួស , ផ្លូវដី , ផ្លូវកៅស៊ូមួយចំនួនក្នុងទីរួមខេត្តបន្ទាយមានជ័យ។ សម្រាប់ការធ្វើដំណើរពីកណ្ដាលទីរួមខេត្ត ទៅប៉ែកខាងជើង ចរាចរណ៍ត្រូវបង្វែរពីការដ្ឋានផ្លូវជាតិលេខ៥៦ ចាប់ពីភ្លើងស្តុបដល់ផ្សារចម្ការគ (ផ្សារថ្មី) សង្កាត់កំពង់ស្វាយ ព្រោះផ្លូវលំបាកពេក ពោលគឺបង្វែរចរាចរណ៍មហាញឹកលើផ្លូវលេខ២ ជាផ្លូវបេតុង ស្ថាបនាកាលពីដើមឆ្នាំនេះ ប៉ុន្តែផ្លូវនេះលេចនូវក្ដីបារម្ភពីក្រុមចោរឆក់ខ្សែក , កាបូបលុយ និងទូរស័ព្ទ នៅសប្ដាហ៍ចុងក្រោយ កាលពីខែកញ្ញា ២០១៣ ៕ សម្បត្តិ សីហា