បន្ទាយមានជ័យ ៖កាលពីវេលាម៉ោងជិត ១១យប់ ថ្ងៃទី០១ តុលា ២០១៣ យុវជនម្នាក់ត្រូវមិត្តភ័ក្តិ ៣នាក់ នាំគ្នាសែងត្រលប់ទៅផ្ទះ ព្រោះតែស្រវឹងខ្លាំងដើរលែងរួច តាមបណ្ដោយដងផ្លូវបេតុងស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
តាមសម្តីមិត្តភក្តិបានប្រាប់ថា ពួកគេទាំងអស់គ្នា រួមទាំងអ្នកស្រវឹង មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់កើតហេតុ ហើយយុវជនដែលស្រវឹងជោគនោះ ឈ្មោះ ណេង អាយុប្រមាណ ២០ឆ្នាំ ពួកគេទើបមកពីផឹកស៊ីនៅឯដីថ្មីភូមិប្រជាធម្ម សង្កាត់ផ្សារកណ្ដាល ដោយក្រោយផឹកស្រវឹង ក៏ឲ្យម៉ូតូដឹកពីចំណុចផឹកស៊ីមកដល់ត្រឹមខ្លោងទ្វារវត្តសូរិយា រាម ហៅវត្តថ្មី ក៏នាំគ្នាសែងប្រហែលជិត ២០០ម៉ែត្រ ដើម្បីយកយុវជនស្រវឹងខ្លាំងនោះ ត្រលប់ទៅផ្ទះឲ្យឪពុកម្ដាយរបស់គេមើលថែ ព្រោះស្រវឹងស្រាជោកជាំលែងដឹងខ្លួនហើយ ៕ សម្បត្តិ សីហា