ព្រះសីហនុ ៖ ជនបរទេសមួយក្រុមបានបង្កការអុកឡុង និងបង្ហាញពីភាពអសីលធម៌ មិនគោរពភាពថ្លៃថ្នូរខ្លួនឯងដែលជាអ្នកទេសចរណ៍ បានបង្កជាអំពើហិង្សាជាមួយប្រជាពលរដ្ឋខ្មែរដែលជាអ្នករកស៊ីនៅទីនោះ ខណៈដែលជនបរទេសមួយក្រុមនេះ បានជិះម៉ូតូទឹកហើយពុំព្រមមិនបង់ប្រាក់ឈ្នួល។ ហេតុការណ៍ឈ្លោះប្រកែកគ្នារវាងក្រុមម្ចាស់ម៉ូតូទឹក និងភ្ញៀវទេសចរណ៍បរទេសមួយក្រុម បានបង្កឲ្យមានការភ្ញាក់ផ្អើលមួយនៅលើកំណាត់ឆ្នេរសមុទ្រអូរឈើទាល នៅចំណុចរូបសំណាក់ត្រីដូហ្វីន ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង ៤ និង ៣០នាទី ល្ងាចថ្ងៃទី៣០ កញ្ញា ២០១៣។
បើយោងតាមការសាកសួររបស់សមត្ថកិច្ចទៅលើភាគីជនបរទេស បានអោយដឹងថា ជនបរទេសដែលជាប់ចោទពីបទប្រើអំពើហិង្សានេះ មានឈ្មោះ Taipari Taikato ភេទប្រុស អាយុ ២៤ឆ្នាំ ជាអ្នកទេសចរណ៍បានទាស់សម្តីគ្នាជាមួយក្រុមម៉ូតូទឹក បង្កឲ្យភាគីខ្មែររងរបួសចំនួន ៣ នាក់ ។ ជនរងគ្រោះទាំង ៣នាក់ មានឈ្មោះ ១- មស់ វណ្ណា ភេទប្រុស អាយុ ២៤ឆ្នាំ ម្ចាស់ម៉ូតូទឹក (ត្រូវ ១ដៃ ចំមុខ) ២- ផល សុភ័ក្ត្រ ភេទប្រុស អាយុ ២២ឆ្នាំ កម្មករ (ត្រូវ ១ដៃ ចំថ្ងាស) ៣- ឃ្លោក ឌឿ ភេទប្រុស អាយុ ៣០ឆ្នាំ ម្ចាស់ម៉ូតូទឹក (រងរបួសបាក់ធ្មេញចំនួន ១ បែលបបូរមាត់) អ្នកទាំង៣ មានទីលំនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ប្រភពពីសមត្ថកិច្ចដដែលបន្តថា តាមការរៀរាប់ពីជនបរទេសខ្លួនគេពិតជាបានវាយទៅលើភាគីខ្មែរពិតមែន ព្រោះតែភាគីខ្មែរជាម្ចាស់ម៉ូតូទឹកតាមរករឿងពួគគាត់ដោយក្នុងដៃ មានដំបង និងពូថៅ បន្ទាប់ពីរូបគាត់មានការទាស់សម្តីគ្នារឿង ភាគីម៉ូតូទឹកហៅគាត់ឲ្យចូលមុនម៉ោងកំណត់ ។
ចំណែកភាគីរងគ្រោះក្រុមម៉ូតូទឹកបានអះអាងថា ការទាស់សម្តីគ្នានេះ គឺកើតឡើងដោយសារជនបរទេសម្នាក់ក្នុងចំណោម ៦នាក់ ជិះម៉ូតូពុំព្រមឲ្យលុយទើបឈានដល់ការប្រកែកគ្នា និងបានរុញគ្នាទៅវិញទៅមក ហើយក៏ត្រូវជនបរទេសម្នាក់ក្នុងចំណោម ៦ នាក់នោះបានដាល់ពួគគាត់បណ្តាលឲ្យម្នាក់បាក់ធ្មេញបែកបបូរមាត់ ម្នាក់ពកថ្ងាស និងម្នាក់ត្រូវមួយដៃកណ្តាលមុខ ។
បច្ចុប្បន្នជនដែលពាក់ព័ន្ធក្នុងរឿងហិង្សាខាងលើ ត្រូវបានសមត្ថកិច្ចប៉ូលិសសាកសួរព័ត៌មានបន្ថែម ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
» ព័ត៌មានជាតិ » ឆាកប្រយុទ្ធរវាងក្រុមអ្នកទេសចរណ៍ និងក្រុមអាជីវកម្មខ្មែរ បានត្រឹមចូលប៉ុស្ត៍ប៉ូលិស