ភ្នំពេញ:ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត១១ព្រឹកថ្ងៃទី១ខែតុលា ឆ្នាំ២០១៣ នៅតាមបណ្តោយជាតិលេខ៤ នៅចំណុចស្ថានីយ៍ប្រេងតេលា ទល់មុខសាលាក្តីខ្មែរក្រហម ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ក្មេងទំនើងមួយក្រុមបានធ្វើសកម្មភាពបាញ់ប្រហារមកលើសិស្សសាលា មួយក្រុមបណ្តាលឲ្យរងរបួសចំនួន ២ នាក់។ បន្ទាប់ពីធ្វើការបាញ់ប្រហារភ្លាម នគរបាលប៉ុស្តិ៍ចោមចៅ សហការជាមួយនគរបាលប៉ុស្តិ៍កន្ទក បានធ្វើស្រាវជ្រាវជាបន្ទាន់ រួចឈានដល់ការឃាត់ខ្លួនខ្មាន់កាំភ្លើងចំនួន ២ នាក់ភ្លាមៗផងដែរ។
ជនរងគ្រោះមានគ្នា ២ នាក់ដែលត្រូវជនដៃដល់ធ្វើការបាញ់ប្រហារ គឺឈ្មោះ សុខ ផល្លា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យជ័យវរ័ន្មទី៧ ស្នាក់នៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានរបួសមួយគ្រាប់ ត្រង់ត្រគាកខាងឆ្វេង។ សុខ ផល្លា ជិះម៉ូតូម៉ាកគូប ពណ៌ខៀវ ស្លាកលេខកណ្តាល 1B 5355 ។ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះឈិត វុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យព្រែកឯង ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ មានរបួស ៣គ្រាប់ចំត្រគាក។ ឈិត វុទ្ធី ជិះម៉ូតូម៉ាក វ៉េវ ពណ៌ប្រផេះលាយខ្មៅ។ ជនរងគ្រោះទាំងពីរនាក់ មានរបួសដោយគ្រាប់កាំភ្លើងបៀមជាប់ក្នុងត្រគាក។ ជនរងគ្រោះ ឈ្មោះ ឈិត វុទ្ធី បាននិយាយថា មុនពេលកើតហេតុពួកគេនិងមិត្តភក្តិបានជិះម៉ូតូចំនួន ១០ គ្រឿងចេញពីភូមិកំណើតរបស់គេ ក្នុងបំណងទៅខេត្តកំពង់ស្ពឺដើម្បីធ្វើបុណ្យ លុះពេលជិះមកដល់ផ្សារជម្ពូវ័ន្ត ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ក៏ត្រូវបានក្មេងទំនើងមួយក្រុម ប្រដាប់ដោយកាំបិត ព្រនង់ ដុំថ្ម កាំភ្លើងខ្លី បានធ្វើសកម្មភាពដេញគប់ពួកគេ ហើយពួកគេក៏បានរត់គេច។ ក្នុងពេលនោះពួកខ្លួនក៏ជិះម៉ូតូរត់ទៅដល់កន្លែងកើតហេតុ ក៏ត្រូវជនដៃដល់ដែលជិះម៉ូតូដេញតាមពីក្រោយ តាមទាន់ស្ទាក់ធ្វើការបាញ់ប្រហារជាច្រើនគ្រាប់ បណ្តាលឲ្យខ្ញុំចំនួន
៣ គ្រាប់ដួលតែម្តង ហើយជនរងគ្រោះម្នាក់ទៀតត្រូវ១គ្រាប់ដួលនៅកន្លែងកើតហេតុ។ ចំណែកមិត្តភក្តិផ្សេងទៀតនាំគ្នារត់បាត់អស់ ៕
» Breaking News, ព័ត៌មានជាតិ » ប៉ូលិស ចាប់ខ្មាន់កាំភ្លើង ២ នាក់ដែលបាញ់សិស្សសាលា