នៅរដូវបុណ្យទានធំម្តងៗ ដែលជាប្រពៃណីខ្មែរយើង គេសង្កេតឃើញប្រជាពលរដ្ឋខ្មែរភាគច្រើន ដែលរស់នៅតាមបណ្តាខេត្ត-រាជធានីផ្សេងៗតែងតែនាំគ្នាវិលទៅស្រុកកំណើតរៀងខ្លួនជា ភាគច្រើនដាច់ខាត ខណៈនេះដែលបញ្ហាប្រឈម និងភាពរអ៊ូរទាំ ខ្លះខឹងសម្បានោះគឺ តាក់ស៊ីឡើងថ្លៃ ពេលបុណ្យទានម្ដងៗនៅតែជាប្រធានបទក្ដៅ ទោះបីជាអាជ្ញាធររាជធានីភ្នំពេញជូនដំណឹងឲ្យមានការរក្សាតម្លៃដឹក ជញ្ជូនអ្នកដំណើរ ប៉ុន្តែតាក់ស៊ីថាមិនឡើងថ្លៃ មិនបានព្រោះអាចប្រឈមនឹងការខាតបង់ ដោយមានមូលហេតុជាច្រើន។
ជាក់ស្ដែងលោក ឈួន ឆុំ អ្នករត់តាក់ស៊ីស្ទឹងត្រង់ ខេត្តកំពង់ចាម បានឲ្យដឹងថា លោកបានឡើងថ្លៃបន្ថែម៥ពាន់ ចាប់ពីថ្ងៃនេះទៅហើយ ដោយសារខែនេះទឹកលិចភូមិ ហើយរថយន្តលោកត្រូវឆ្លងកាត់កន្លែងទឹកលិចដាច់ ទៅមក១០ម៉ឺនរៀលបាត់ទៅហើយ ដូច្នេះត្រូវបង្ខំចិត្តឡើងថ្លៃ។
លោកថា ស្អែកខានស្អែកអាចនឹងឡើងជាងនេះទៀត ព្រោះលោកត្រូវឡើងមកដឹកម៉ូយពីភ្នំពេញដោយរថយន្តទទេ ដោយសារគ្រប់គ្នាទៅស្រុកភូមិ បើមិនយកចំណេញដើម្បីផាត់ថ្លៃប្រេងចេញវិញ នោះលោកនឹងរកស៊ីខាតមិនខាន។
លោកបានបន្ថែមថា ធ្លាប់ឮសាលារាជធានីហាមដែរ ប៉ុន្តែលោកគិតថា មិនអាចទៅរួចនោះទេ ព្រោះប្រេងក៏ថ្លៃ ហើយស្ទះផ្លូវចេញពីភ្នំពេញទៀតផង។
លោក ឆេង វិឆ័យ អ្នករត់តាក់ស៊ី ភ្នំពេញ ព្រៃវែង មិនខុសពីលោក ឆុំ ដែរថា ម្សិលមិញតម្លៃ១ម៉ឺន ១ម៉ឺន២ពាន់រៀល ប៉ុន្តែថ្ងៃនេះតាក់ស៊ីទាំងអស់នឹងឡើងថ្លៃរហូតដល់ភ្ជុំតែម្ដង ព្រោះថ្លៃកំពង់សាឡាងអ្នកលឿងឡើងថ្លៃខុសធម្មតាទៅហើយ។ ថ្ងៃធម្មតា គាត់ចំណាយពី៨ពាន់ទៅ១ម៉ឺន២ពាន់រៀលក្នុងការឆ្លងសាឡាង ប៉ុន្តែម្សិលមិញនេះ ការចំណាយឡើងរហូត៣ម៉ឺនរៀលឯណោះ។
លោកបានបន្ថែមថា អ្វីដែលសំខាន់គឺមានប៉ូលិសយកលុយ តាមដងផ្លូវជាតិ ៣កន្លែងទៀត មួយកន្លែងថ្ងៃធម្មតា ១ពាន់រៀលទេ ប៉ុន្តែឥឡូវ៥០០០ ទៅ១ម៉ឺនរៀលទើបបានយក។ សរុបមក ក្នុងមួយជើងចំណាយជិត៥ម៉ឺនរៀល នេះមិនទាន់បូកថ្លៃបេនឡាន និងថ្លៃប្រេងដែលពេលបុណ្យបើកឡើងមកឡានទទេ ដូច្នេះរឿងមិនឡើងថ្លៃ ជៀសមិនរួចទេ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ ឆែម ឆលីកា សម្តែងការរិះគន់ចំពោះអាជ្ញាធរថា គាត់សង្កេតឃើញទាំងរាជធានីភ្នំពេញ និងខេត្តមួយចំនួន បានចេញសេចក្ដីជូនដំណឹង ពេលបុណ្យទានម្ដងៗកុំឲ្យឡើងថ្លៃមធ្យោបាយដឹកជញ្ជូន ប៉ុន្តែសេចក្ដីជូនដំណឹងនោះហាក់គ្មានប្រសិទ្ធភាពទេ ព្រោះអាជ្ញាធរ សមត្ថកិច្ច គ្មានចំណាត់ការច្បាស់លាស់ រដ្ឋគ្មានមធ្យោបាយសាធារណៈសម្រាប់អ្នកក្រីក្រ រដ្ឋគ្មានយន្តការដោះស្រាយជាក់លាក់ និងបេនឡាននីមួយៗគឺឡើងថ្លៃមួយទ្វេជាពីរ។
លោក ព្រហ្ម ពៅ ដែលជាអ្នកគ្រប់គ្រងកាសែត និងគេហទំព័រអរិយធម៌ ក្នុងនាមជាប្រជាពលរដ្ឋ ម្នាក់ក៏សូមអំពាវនាវថា អ្នករត់តាក់ស៊ីទាំងអស់ ឲ្យរក្សាឲ្យបាននូវក្រមសីលធម៌ ក្នុងការប្រកបមុខរបរ កុំឆ្លៀតគេងយកចំណេញ សូមអោយអ្នកបើបរទាំងអស់អធ្យាស្រ័យគ្នាទៅវិញទៅមក និងសូមឲ្យបងប្អូនអ្នកធ្វើដំណើរកុំគិតពីតម្លៃពេក ត្រូវគិតពីសុវត្ថិភាពជាចម្បង៕
» Breaking News, ព័ត៌មានជាតិ » អ្នកជិះតាក់ស៊ីថាថ្លៃ អ្នកបើកតាក់ស៊ីថាមិនចំណេញ ខណៈអាជ្ញាធររាជធានីភ្នំពេញជូនដំណឹងឲ្យរក្សាតម្លៃដឹក ជញ្ជូនអ្នកដំណើរ