យោងតាមលទ្ធផលនៃការបោះឆ្នោត ថ្ងៃទី១៥ ខែធ្នូ ១៩៤៦ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលថ្មី ដែលឈ្នះឆ្នោត។ ជាមួយគ្នានោះលោក អៀវ កើស ត្រូវបានតែងតាំងជាប្រធានរដ្ឋសភា។
នៅក្នុងរដ្ឋសភាតំណាងរាស្ត្រដ៏ច្រើនលើសលុប មកពីគណបក្សប្រជាធិបតេយ្យបាននាំគ្នាធ្វើ វិសោធនកម្មលើពង្រាងរដ្ឋធម្មនុញ្ញ ដែលតាក់តែងឡើងដោយរាជរដ្ឋាភិបាលព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ស្ទើរតែទាំងស្រុង ព្រោះពួកគេយល់ថា ពង្រាងរដ្ឋធម្មនុញ្ញនោះ ហួសសម័យទៅហើយ។ ពួកគេ តាក់តែងរដ្ឋធម្មនុញ្ញមួយ ដែលអំណាចស្ទើរតែទាំងអស់ ស្ថិតនៅក្នុងដៃរដ្ឋសភា។ ឯស្ថាប័នព្រះមហា ក្សត្រ ពួកគេទុកអំណាចឲ្យតែបន្តិចបន្តួចប៉ុណ្ណោះ ដោយពួកគេមិនខ្វល់ពីមាត្រា២១ ដែលបានចែង ច្បាស់ថា« អំណាចទាំងអស់បានមកពីព្រះមហាក្សត្រ» នោះឡើយ។
បញ្ហានេះហើយ ដែលជាដើមហេតុធ្វើឲ្យព្រះមហាក្សត្រ និងគណបក្សប្រជាធិបតេយ្យ ចាប់ផ្តើម ប្រទាញប្រទង់គ្នា។ បន្ទាប់ពីព្រះអង្គម្ចាស់យុត្តិវង្សបានឡើងធ្វើជានាយករដ្ឋមន្ត្រីមក នៅឯដំណាក់ព្រះ អង្គម្ចាស់ មុនីរ៉េត ប្រែជាស្ងាត់ជ្រងំ ព្រោះពួកមន្ត្រីឡេមឡឺមអែបអបទាំងប៉ុន្មានបាននាំគ្នារត់ទៅលត់ ក្រាបឱបដៃឱបជើងព្រះអង្គម្ចាស់យុត្តិវង្ស ដើម្បីស្វែងរកបុណ្យស័ក្តិ លាភសក្ការៈផ្សេងៗ រៀងៗខ្លួន ធ្វើឲ្យព្រះអង្គម្ចាស់ មុនីរ៉េត មានការតូចព្រះទ័យនិងខឹងសម្បាយ៉ាងខ្លាំង រហូតដល់ទ្រង់ បាននិយាយ ចាត់ទុកព្រះមហាក្សត្រនរោត្តមសីហនុថា ទ្រង់យុត្តិវង្សមិនត្រឹមតែចង់បានត្រឹមតែតំណែងនាយក រដ្ឋមន្ត្រីទេ គឺថែមទាំងប្រាថ្នាចង់បានរាជបល្ល័ង្កទៀតផង។ អ្វីដែលគណបក្សប្រជាធិបតេយ្យបានបញ្ជាក់ ថា ការកាត់បន្ថយអំណាចពីព្រះមហាក្សត្រ ដើម្បីលើកស្ទួយអំណាចប្រជារាស្ត្រនោះ ព្រះមហាក្សត្រ ឈ្វេងយល់ថា នេះជាការឃោសនាបោកប្រាស់ទាំងស្រុង តាមពិតពួកគេដែលកាត់បន្ថយអំណាចព្រះ មហាក្សត្រ តាមរយៈការតាក់តែងរដ្ឋធម្មនុញ្ញនោះ គឺគ្រាន់តែយកអំណាចទៅបំពោកឲ្យទ្រង់យុត្តិវង្ស និងបក្ខពួកតែប៉ុណ្ណោះ ពុំមែនដើម្បីលើកស្ទួយអំណាចប្រជារាស្ត្រ ដូចពួកគេឃោសនាទេ។
ដោយក្តៅក្រហាយនឹងនយោបាយប្រជាភិថុតរបស់ទ្រង់យុត្តិវង្ស និងធ្លាក់តំណែងពីនាយក រដ្ឋមន្ត្រីផង ទ្រង់មុនីរ៉េត ក៏បានបង្កើតកាសែតមួយឈ្មោះក្របីព្រៃ ដើម្បីសរសេរអត្ថបទផ្សេងៗរិះគន់ និងវាយប្រហារទ្រង់យុត្តិវង្សនិងគណបក្សប្រជាធិបតេយ្យ។
នៅលើទំព័រកាសែតក្របីព្រៃនោះ ព្រះមហាក្សត្រ ក៏បានចូលរួមជាសម្ងាត់ក្នុងក្រុមអ្នកនិពន្ធ កាសែតនេះដែរ ដោយព្រះអង្គទ្រង់ប្រើព្រះនាមក្លែងក្លាយមួយ គឺនរោត្តមថុល នៅចុងក្រោយអត្ថបទ ទាំងឡាយជាស្នាព្រះហស្តនិពន្ធដោយព្រះអង្គផ្ទាល់។ ប៉ុន្តែការពិតឈ្មោះថុល នេះគឺជាព្រះនាមដែលព្រះ អយ្យិកោរបស់ព្រះអង្គ គឺព្រះបាទមុនីវង្ស បានប្រទានឲ្យតាំងពីព្រះអង្គនៅវ័យកុមារមកម្ល៉េះ តែដល់ព្រះ អង្គពេញវ័យ ក៏ឈប់ប្រើទៅ។ ដោយមានការសង្ស័យពួកអ្នកប្រជាធិបតេយ្យ ក៏នាំគ្នាងឿងឆ្ងល់និង ព្យាយាមស្រាវជ្រាវចង់ដឹងថា តើនរណាដែលប្រើឈ្មោះនរោត្តមថុល នៅលើទំព័រកាសែតក្របីព្រៃនោះ ដែរ។ តែពួកគេបែរជាយល់ច្រឡំថា រហស្សនាម«នរោត្តមថុល»នេះ គឺជាព្រះអង្គម្ចាស់នរោត្តមកន្តុលទៅ វិញ។
ព្រះមហាក្សត្រនរោត្តមសីហនុ និងទ្រង់មុនីរ៉េត ជាព្រះបិតុលា ត្រូវដងត្រូវផ្លែគ្នាខ្លាំងណាស់ ក្នុង ការសរសេរអត្ថបទវាយប្រហារបកអាក្រាត នយោបាយប្រជាភិថុត បោកប្រាស់របស់ពួកមេដឹកនាំគណ បក្សប្រជាធិបតេយ្យ។
ទាក់ទងដល់ការក្លែងព្រះនាមក្នុងការសរសេរអត្ថបទនៅលើទំព័រកាសែតដោយលួចលាក់នេះ គេ សង្កេតឃើញថា នៅពេលដែលសម្តេច នរោត្តមសីហនុ មុនឡើងគ្រងរាជសម្បត្តិជាលើកទី២ ក្រោយ លទ្ធផលបោះឆ្នោតឆ្នាំ១៩៩៣ ព្រះអង្គបានប្រើឈ្មោះរួម រិត សរសេរអត្ថបទរិះគន់ចំពោះមេដឹកនាំ គណបក្សប្រជាជនកម្ពុជាជាហូរហែដែរ មុនពេលព្រះអង្គប្រកាសចូលនិវត្តន៍ពីព្រះមហាក្សត្រ តែមេដឹក នាំគណបក្សប្រជាជនបានស្រាវជ្រាវរហូតបានដឹងការពិត។
ឯទ្រង់យុត្តិវង្សវិញ ក្រោយពេលបានឡើងជានាយករដ្ឋមន្ត្រី មិនបានប៉ុន្មានខែផង ជីវភាពរបស់ ទ្រង់បានឡើងខ្ពស់កប់ពពក។ មិនតែប៉ុណ្ណោះទ្រង់បានស្នើឲ្យព្រះមហាក្សត្រ ប្រគល់ព្រះរាជដំណាក់ មួយរបស់ព្រះអង្គនៅទីក្រុងកែប ក្នុងខេត្តកំពត និងព្រះរាជដំណាក់មួយទៀត នៅទន្លេបាទី ក្នុងខេត្ត តាកែវ ដើម្បីទុកជាកម្មសិទ្ធិរបស់ទ្រង់ គ្រាន់ទៅសម្រាកលំហែកាយម្តងៗទៀតផង។ តែទោះបីយ៉ាង ណា ក៏នៅថ្ងៃទី៦ ខែឧសភាឆ្នាំ១៩៤៧ ព្រះមហាក្សត្រ បានប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ដែលតាក់តែង ដោយពួកអ្នកប្រជាធិបតេយ្យជាផ្លូវការ ដែលរដ្ឋធម្មនុញ្ញនេះជារដ្ឋធម្មនុញ្ញដំបូងបង្អស់សំរាប់ប្រទេស កម្ពុជា។
នៅថ្ងៃទី១១ ខែកក្កដាឆ្នាំ១៩៤៧ ទ្រង់យុត្តិវង្សដែលកាន់តំណែងជានាយករដ្ឋមន្ត្រី បាន ប្រមាណ៨ខែប៉ុណ្ណោះ ក៏បានចូលទិវង្គតក្នុងព្រះជន្ម៣៥វស្សា។ ពួកអ្នកប្រជាធិបតេយ្យបានដាក់ការ ចោទប្រកាន់ថា ការសោយទិវង្គតនេះ គឺជារឿងឃាតកម្មនយោបាយ។ តែព្រះមហាក្សត្រនិងពួកមន្ត្រី បារាំងជឿជាក់ថា ទ្រង់សោយទិវង្គតដោយសារជំងឺរបេង ព្រោះទ្រង់បានចូលមន្ទីរពេទ្យឲ្យគ្រូពេទ្យ ជំនាញរបស់បារាំងព្យាបាលជំងឺនោះ អស់រយៈពេល២-៣សប្តាហ៍មកហើយ ទើបទ្រង់ផុតព្រះជន្ម។
អស់ពីទ្រង់យុត្តិវង្សទៅ ២សប្តាហ៍ក្រោយមក ដោយសារព្រះតំរិះព្រះមហាក្សត្រផងដែរ ព្រះអង្គ ម្ចាស់ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី ឯ សឺន សាន ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ដើម្បីដឹកនាំគណៈរដ្ឋមន្ត្រីនោះ បន្តទៀត។
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៤៧ គឺជាព្រះរាជពិធីខួប២៥វស្សារបស់ព្រះមហាក្សត្រ។ ក្នុង ឱកាសនោះ លោកលូ បេត៍ ស្នងការជាន់ខ្ពស់នៃសាធារណរដ្ឋបារាំង បានអញ្ជើញមកជាកិត្តិយសនិង ថ្លែងសុន្ទរកថា ថ្វាយព្រះពរដល់ព្រះមហាក្សត្រ។
តាមទម្លាប់តំណាងប្រទេសបារាំង ដែលត្រូវមកចូលរួមក្នុងពិធីនេះ ត្រូវផ្ញើខ្លឹមសារទាំងស្រុងនៃ សុន្ទរកថា ទោះមកថ្វាយព្រះមហាក្សត្រជាមុនសិន ដើម្បីទុកឱកាសថ្វាយព្រះអង្គទតនិងពិចារណាពី ខ្លឹមសារសុន្ទរកថា នោះ ដើម្បីរៀបចំព្រះរាជសង្កថា ឆ្លើយតបទៅតំណាងប្រទេសបារាំងវិញ ឲ្យបាន សមស្រប។ ពេលនោះសុន្ទរកថា របស់លោក លូ បេត៍ បានបង្ហាញឲ្យឃើញពីការខឹងសម្បារបស់លោក ចំពោះអត្ថបទទាំងឡាយរបស់ពួកមេដឹកនាំគណបក្សប្រជាធិបតេយ្យទៅវិញ។ លោកចាត់ទុកថា អត្ថបទទាំងនោះ គឺជាអំពើវិទ្ធង្សនារបស់ពួកអ្នកប្រជាធិបតេយ្យ ដែលបានសរសេរដៀលត្មះប្រទេស បារាំងថា កម្ពុជាមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សហើយ បារាំងនៅតែបន្តធ្វើអាណានិគមលើ ប្រទេសកម្ពុជាបន្តទៀត ខណៈដែលប្រទេសអង់គ្លេសបានប្រគល់ឯករាជ្យដល់ប្រទេសឥណ្ឌានិងភូមា ទៅហើយនោះ។
លោកលូ បេត៍ បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជានឹងលែងមានការអភិវឌ្ឍតទៅទៀត ហើយ សកម្មភាពអនាធិបតេយ្យនឹងកាន់តែរីករាលឡើង ប្រសិនបើបារាំងប្រគល់ឯករាជ្យឲ្យកម្ពុជាវិញ ក្នុង ពេលប្រទេសនេះ មិនទាន់មានរចនាសម្ព័ន្ធគ្រប់គ្រងផ្នែកស៊ីវិលនិងយោធា ដែលមានសមត្ថភាពគ្រប់ គ្រាន់ និងពុំទាន់មានអ្នកបច្ចេកទេសជំនាញៗក្នុងការកសាងប្រទេសនៅឡើយនោះ៕ (តទៅលេខក្រោយ)
» ប្រវត្តិសាស្រ្ត » ព្រះរាជជីវប្រវត្តិ ភាគទី៨ ៖ ព្រះមហាក្សត្រនិងពួកអ្នកប្រជាធិបតេយ្យ (តពីលេខមុន)