កំពង់ស្ពឺ ៖ មានគ្រឿងចក្រជាច្រើនគ្រឿងបានធ្វើសកម្មភាព ឈូសឆាយព្រៃ ដើម្បីវាតយកដីពីសំណាក់ក្រុមហ៊ុនស៊ីធីម៉ាត តាំងពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិអន្លង់មន ឃុំយាអង្គ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ ។
គេលួចខ្សឹបថា ក្រុមហ៊ុនស៊ីធីម៉ាតនេះចូលមកទឹកដីខេត្ដកំពង់ស្ពឺតាំងពីឆ្នាំ២០០៧ មកម្ល៉េះ ហើយមិនបានធ្វើការអភិវឌ្ឍអ្វីឲ្យដុំកំភួននោះទេ ក្រៅតែពីការដាំដើមអាកាស្យាព័ទ្ធយកដីរបស់ប្រជាពលរដ្ឋក្នុងឃុំ ចំនួន៤ក្នុងស្រុកថ្ពងប៉ុណ្ណោះ ។
ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើបាននិយាយថា ក្រុមហ៊ុនមួយនេះតែងតែប្រើប្រាស់កម្លាំងប្រដាប់អាវុធគំរាមកំហែង ប្រជាពលរដ្ឋដែលជាម្ចាស់ដីពិប្រាកដ នៅពេលដែលគេយកគ្រឿងចក្រមកឈូស ឆាយដីរបស់ប្រជាពលរដ្ឋ ។ កម្លាំងប្រដាប់អាវុធទាំងនោះសុទ្ធតែ មានកាំភ្លើង ហើយក្រោយពេលឈូសឆាយរួចពួកគាត់ម្ចាស់ដីក៏បានយកបង្គោលទៅដាំលើ ដីរបស់គាត់វិញ ដោយក្រុមហ៊ុនមិនបានដោះស្រាយគោល នយោបាយជាមួយពួកគាត់ឡើយ គឺចង់បានឆៅៗតែម្តង។ បញ្ហានេះប្រជាពលរដ្ឋសូមសំណូមពរដល់លោករដ្ឋមន្ដ្រីក្រសួងកសិកម្មទើបកាន់តំណែងថ្មីមេត្ដាចាត់មន្ដ្រីជំនាញមកត្រួតពិនិត្យមើលឯកសារ ក្រុមហ៊ុនមួយនេះផង ព្រោះបើតាមដឹងក្រុមហ៊ុន
នេះមិនទាន់ចុះកិច្ចសន្យាឬបញ្ជីការជាមួយក្រសួងកសិកម្មនៅឡើយទេ ។
មន្ត្រីសាលាស្រុកថ្ពងបានឱ្យដឹងថា បញ្ហាក្រុមហ៊ុនស៊ីធីម៉ាតប្រើគ្រឿងចក្រឈូសព្រៃនេះលោកមិនទាន់បាន ទទួលព័ត៌មានពីថ្នាក់មូលដ្ឋាន នៅឡើយទេ តែបើពិតជាមានមែន ក៏មិនត្រូវប៉ះពាល់ដីប្រជាពលរដ្ឋដែលកំពុងរស់នៅទេ។ នៅតំបន់នោះប្រជាពលរដ្ឋរស់ដោយសារកសិកផលយ៉ាងពិតប្រាកដ។ កាសែតអរិយធម៌មិនអាចទាក់ទងលោក អ៊ូ សំអូន អភិបាលខេត្ដកំពង់ស្ពឺដើម្បីសុំការបកស្រាយពាក់ព័ន្ធនឹងបញ្ហា ខាងលើបានទេ ។
ប្រជាពលរដ្ឋនិយាយថា ទាហានដែលខាងក្រុមហ៊ុនជួលមក បានរករឿងពួកគាត់កន្លងមកជាញឹកញាប់ គឺពួកគាត់បានប្តឹងទៅ អគ្គបញ្ជាការរួចរាល់អស់ហើយ ។
ប្រជាពលរដ្ឋឆ្ងល់ថា ហេតុអ្វីបានជាមានសុទ្ធតែទាហានជាង១០នាក់មកយាមក្រុមហ៊ុន ក្រែងទាហានមានតួនាទីការពារបូរណភាពទឹកដី? បើស៊ីប្រាក់ខែរដ្ឋ មិនគួរណាលក់ក្បាលឲ្យក្រុមហ៊ុនដាច់ថ្លៃយ៉ាងនេះទេ៕ដោយ៖ តាត្រចៀកធំ
» Breaking News, ព័ត៌មានជាតិ » ទាហាន១០នាក់ស៊ីប្រាក់ខែរដ្ឋ តែកាងដីឲ្យក្រុមហ៊ុនស៊ីធីម៉ាត