ភ្នំពេញ ៖ ទំនាស់ហិង្សាពីរគ្រួសារ ដែលមានលំនៅឋានជាប់គ្នា បណ្តាលឲ្យពីរនាក់ប្តីប្រពន្ធនៃគ្រួសារមួយ រងរបួសជាទម្ងន់ ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ និងពីរនាក់ប្តីប្រពន្ធភាគីម្ខាងទៀត ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ យកទៅឃុំឃាំង ។
ហេតុការណ៍អំពើហិង្សានេះបានកើតឡើង កាលពីម៉ោង៤រសៀលថ្ងៃទី២៩ កញ្ញា ២០១៣ ស្ថិតនៅភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវបានឲ្យដឹងថា ពីរនាក់ប្តីប្រពន្ធ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន បុរសជាប្តីឈ្មោះ សុខ ចាន់ធីអាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ុល អូន អាយុ៣០ឆ្នាំ ។ ចំណែកឯពីរនាក់ប្តីប្រពន្ធ ដែលរងរបួស ប្តីឈ្មោះ ប៉ុល ចន្ធី អាយុ៣៥ឆ្នាំ ប្រពន្ធឈ្មោះ ប៉ុល ម៉ៅ អាយុ៣៥ឆ្នាំ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ កាលពីព្រលប់ថ្ងៃទី២៨កញ្ញា គ្រួសាររបស់ពីរនាក់ប្តីប្រពន្ធដែលសមត្ថកិច្ចឃាត់ខ្លួន បានទាស់ទែងក្នុងគ្រួសារ រហូតមានយុវជនម្នាក់រត់ចេញពីផ្ទះ ចូលមកក្នុងផ្ទះគ្រួសាររងគ្រោះ ហើយពេលនោះម្តាយរបស់គ្រួសាររងគ្រោះ ក៏បានអនុញ្ញាតឲ្យស្នាក់នៅមួយភ្លែត ។ ផ្តើមចេញពីបញ្ហានេះ ឈ្មោះ សុខ
ចាន់ធី និងប្រពន្ធ បានចោទប្រកាន់ទៅលើគ្រួសារភាគីខាងរងរបួសថា ចេះដឹងរឿងគ្រួសារគេ ហើយក៏យកដំថ្មគប់ទៅលើម្តាយរបស់គ្រួសាររងគ្រោះម្នាក់ បណ្តាលឲ្យរងរបួស ។ លុះដល់រសៀលថ្ងៃអាទិត្យ ទី២៩ខែកញ្ញា អ្នករងគ្រោះពីរនាក់ប្តីប្រពន្ធ បានត្រឡប់មកពីធ្វើការរោងចក្រកាត់ដេរវិញ ក៏បានសួរបងប្អូនស្ងាត់ៗថា អ្នកណាវាយ
ម្តាយខ្លាំងម្ល៉េះ ? ពេលនោះឈ្មោះ សុខ ចាន់ធី និងប្រពន្ធក៏បានលើកគ្នាមួយក្រុមធំ ទៅព្រួតវាយឈ្មោះ ប៉ុល ចន្ធី និងប៉ុល ម៉ៅ ឲ្យរងរបួសជាទម្ងន់ ត្រូវបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតភ្លាមៗ ។ ក្រោយពេលកើតហេតុ ហិង្សាសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានចុះទៅចាប់ឈ្មោះ សុខ ចាន់ធី នាំយកមកកាន់ស្នាក់ការ
នគរបាលប៉ុស្តិ៍ដើម្បីសួរនាំពីរឿងផ្ទុះហិង្សា តែពេលនោះ ត្រូវស្ត្រីជាប្រពន្ធបានមកស្រែកឡូឡាទាមទារឲ្យសមត្ថកិច្ចចាប់ខ្លួន ដែរទើបព្រម ។
ឆ្លើយតបនឹងបំណងរបស់គ្រួសារពីរនាក់ប្តីប្រពន្ធនេះ រួមជាមួយបទល្មើសបង្ករបួសស្នាមមានស្រាប់ផងនោះ សមត្ថកិច្ចក៏ឃាត់ខ្លួនពីរនាក់ប្តីប្រពន្ធ នាំទៅឃុំឃាំងនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមច្បាប់៕
» Breaking News, ព័ត៌មានជាតិ » អ្នកចាញ់ដេកពេទ្យអ្នកឈ្នះដេកគុក