ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ហួត រ័ត្ន មេបញ្ជាការ​យោធា​ស្រុក​កែវ​សីមា ជា​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ល្បីល្បាញ​ ​

លោក ហួត រ័ត្ន មេបញ្ជាការ​យោធា​ស្រុក​កែវ​សីមា ជា​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ល្បីល្បាញ​ ​

មណ្ឌលគិរី​៖ ថ្មីៗ​នេះ​សមត្ថកិច្ច​ចម្រុះ​ខេត្តមណ្ឌលគិរី បាន​ចុះ​ទៅ​ចាប់​រឹបអូស​ឈើ​ប្រណីត​ជាច្រើន​ដុំ​នៅ​ក្នុង​ស្រះ​ទឹក​របស់លោក ហួត រ័ត្ន ហៅ​ប្រុស មេបញ្ជាការ​យោធា​ស្រុក​កែវ​សីមា ប៉ុន្តែ​សមត្ថកិច្ច​ពុំ​មាន​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ឈ្មួញ​ឈើ​រូប​នេះ​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុងស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី រិះគន់​ថា​សមត្ថកិច្ច​បង្ក្រា​បបាន​តែ​ប្រជាពល​រដ្ឋ​តូចតាច​ដឹកឈើតាម​ម៉ូតូ​បន្តិចបន្តួច ដើម្បី​បាន​ប្រាក់ចំណូល​ទិញ​អង្ករ​ច្រក​ឆ្នាំង​ប៉ុណ្ណោះ​។ ចំណែក​ឈ្មួញ​ឈើ​ធំៗ​និង​ល្បីឈ្មោះ​ដូចជា លោក ហួត រ័ត្ន ហៅ​ប្រុស មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​កែវ​សីមា ពុំ​មាន​នរណា​ហ៊ាន​បង្ក្រាប​នោះទេ​។​
​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​កែវ​សីមា បានឲ្យដឹងថា ការ​ដែល​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ចាត់វិធានការ​ចាប់​រឹបអូស​យក​ឈើ​ប្រណីត​ពី​ស្រះ​ទឹក​របស់លោក ហួត រ័ត្ន ហៅ​ប្រុស គឺជា​ភស្ដុតាង​គ្រប់គ្រាន់​សម្រាប់​ចាត់វិធានការ​លើ​ឈ្មួញ​ឈើ​រូបនេះ​។ ប៉ុន្តែ​ជាក់ស្ដែង​លោក ហួត រ័ត្ន ហៅ​ប្រុស នៅតែ​អាច​គេចផុត​ពី​វិធានការ​ច្បាប់​យ៉ាង​រំភើយ ហើយ​បន្ត​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​ដោយ​មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួនទៀត​។ លោក ជុ​យ សុឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា តែងតែ​ជួយ​បិទបាំង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​របស់​លោក ហួត រ័ត្ន ហៅ​ប្រុស មេបញ្ជាការ​យោធា​ស្រុក​កែវ​សីមា ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​។​
​បច្ចុប្បន្ន​លោក ហួត រ័ត្ន ហៅ​ប្រុស នៅតែ​បន្ត​សកម្មភាព​ប្រមូល​ទិញ​ឈើ​ប្រណីត​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត ហើយ​ករណី​សមត្ថកិច្ច​ចម្រុះ​រឹបអូស​ឈើ​ដែល​លោក ហួត រ័ត្ន ហៅ​ប្រុស លាក់ទុក​ក្នុង​ស្រះ​ទឹក​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ គ្រាន់តែ​ធ្វើឲ្យ​ល្អមើល​ប៉ុណ្ណោះ​។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ពិនិត្យមើល​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​លោក ជុ​យ សុឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​ផងដែរ ព្រោះ​មន្ត្រី​រូប​នេះ​ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​លោក ហួត រ័ត្ន ហៅ​ប្រុស ដឹកជញ្ជូន​ឈើ​ប្រណីត​ទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រសិនបើ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​ក្រសួង​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទៅលើ​លោក ហួត រ័ត្ន ហៅ​ប្រុស ដែល​ជា​ឈ្មួញ​ឈើ​ល្បីឈ្មោះ​ជា​យូរ​មក​ហើយ​នោះ គឺ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុងព្រៃ​ការពារ ព្រៃ​ដែន​ជម្រក​សត្វ និង​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​សាបសូន្យ​ឡើយ​៕

14874952_219682901786011_1970242132_n 14881345_219683008452667_483304675_o 14894533_219683001786001_10123888_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya