បន្ទាយមានជ័យ៖ បើទោះបីជាមានការចុះអន្តរាគមន៍ហាមឃាត់ចរាចររថយន្តធុនធំពីសំណាក់អាជ្ញាធរតាំងពីថ្ងៃទី២៣ កញ្ញា យ៉ាងណាក៏ដោយក៏រថយន្តប្រភេទនេះដែលដឹកអង្ករ និងដឹកសត្វគោក្របីនៅតែអាចចរាចរលើផ្លូវលេខ២៥៨Dនេះដដែល ។
បន្ទាប់ពីទទួលបានការឯកភាពរបស់ លោក ទ្រី ណារិន អភិបាលខេត្តនិងប្រធានមន្ទីរសាធារណការខេត្តនោះ អាជ្ញាធរស្រុកអូរជ្រៅបានដាក់រនាំងនិងកម្លាំងនគរបាលអោយប្រចាំលើផ្លូវជាតិលេខ២៥៨D ដើម្បីផ្អាក១រយះនូវ ចរាចរណ៍យានយន្តធំផ្ទុកធ្ងន់លើកំណាត់ផ្លូវជាតិនេះ ព្រោះតែស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រនិងទឹកធ្លាក់ពីប្រទេសថៃបានជន់លិចផ្លូវនៅចំនុចខ្លះដូចជាត្រង់បឹងត្បាល់ ភូមិកូនត្រី ឃុំកូប និងទឹកពៀបថ្នល់ ជាច្រើនកន្លែង។
តែប្រភពមួយចំនួនបានអោយដឹងថា: ផ្លូវនេះបានរងការខូចខាតដោយបែក ជ្រាយ សំផុល-ជាង២០កន្លែង កន្លងមក ទើបតែជួសជុលរួចដោយក្រុមហ៊ុនសំណង់ស្ពានថ្នល់ចិន ជាក្រុមហ៊ុនទទួលសិទ្ធិស្ថាបនាផ្លូវក្រោមជំនួយឥតសំណងប្រទេសចិនប្រវែងជិត២០គ.ម នេះ។ ការខូចខាតបន្តមុនសម្ពោធដាក់អោយប្រើប្រាសក៏នៅមានបន្តផង។
ទោះបីជាមានការដាក់អោយសមត្ថកិច្ចរារាំងទប់ស្កាត់មិនអោយរថយន្តធុនធំចរាចរណ៍លើផ្លូវនេះនៅថ្ងៃទី២៦ កញ្ញា ២០១៣ គេឃើញមានរថយន្តធុនធំប្រភេទយីឌុបឬរថយន្តហុកឡដឹកអង្ករពីវៀតណាមនិងរថយន្តដឹកសត្វគោក្របីពីថៃចេញចូលតាមច្រកអូរបីជាន់ជាច្រើនគ្រឿងតំរៀបជួរគ្នានៅមាត់ច្រកអូរបីជាន់ដោយពុំដឹងថារថយន្តទាំងអស់ខាងលើហោះមកពីតាមណាឡើយ។ ប៉ូលីសដែលប្រចាំការនៅចំនុចមាត់ផ្លូវចូលដែលបំបែកពីផ្លូវជាតិលេខ៥បាននិយាយថាលោកបានធ្វើការហាមឃាត់រថយន្តមិនអោយចូលបើកបរតាមផ្លូវនេះឡើយ តែយប់មិញដោយអស់កម្លាំងនិងអត់ងងុយនៅវេលាម៉ោងជា១១យប់គាត់ក៏ដេកលក់ក្នុងឡានរហូតដល់ភ្លឺទើបភ្ញាក់វិញដូច្នេះរថយន្តដឹកទំនិញអាចឆ្លៀតឱកាសបើកបរដឹកទំនិញចូលតាមផ្លូវនេះ៕ ដោយៈ សម្បត្តិ សីហា
» ព័ត៌មានជាតិ » ឡានធុនធំបំផ្លាញផ្លូវលេខ២៥៨Dដែលរងគ្រោះទឹកជំនន់ខណៈអាជ្ញាធរកំពុងហាមឃាត់