ភ្នំពេញ៖ សមាគមមរណសង្គ្រោះថៃជី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេឌីអូ ហ្វាយណាន់ ភីអិលស៊ី នៅថ្ងៃទី២២ ខែកញ្ញា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការផ្តល់សេវាការពារអាយុជីវិត ដល់ឲ្យប្រជាពលរដ្ឋ បន្ទាប់ពីទទួលបានសិទ្ធិស្របច្បាប់ពីរាជរដ្ឋាភិបាល។
តាមកិច្ចព្រមព្រៀងនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេឌីអូ បានបម្រុងទុនជាង២០ម៉ឺនដុល្លារ ដើម្បីផ្តល់កម្ចីដល់ពលរដ្ឋដែលទិញកញ្ចប់សេវាការពារអាយុជីវិត។
លោក យុន សុភា ប្រធានសមាគមមរណសង្គ្រោះថៃជី បាននិយាយថា «ការចាប់ដៃគូគ្នានេះ សំដៅធ្វើកាន់តែរីកចម្រើន ភាពរឹងមាំ ការជឿជាក់ ការប្រកាន់ភ្ជាប់ជានិច្ចនូវគោលការណ៍ក្រមសីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ បង្កើនទំនុកចិត្ត និងភាពងាយស្រួលដល់សមាជិកដែលទទួលបាននូវសេវាការពារអាយុជីវិតគ្រប់កម្រិត ព្រមទាំងបានប្រាក់ឧបត្ថម្ភយ៉ាងពេញចិត្ត ដើម្បីលើកស្ទួយជីវភាពរស់នៅក្នុងគ្រួសារឲ្យកាន់តែប្រសើរឡើង ដោយអនុវត្តន៍ឲ្យបាននិរន្តរភាព និងបង្កើនអត្ថប្រយោជន៍ដល់សមាជិកគ្រប់រូប»។
លោក យុន សុភា បានបញ្ជាក់ថាប្រជាពលរដ្ឋអាចជ្រើសរើសកញ្ចប់សេវាចាប់ពី៨០ដុល្លារក្នុង១ឆ្នាំដែលមានសុពលភាពរយៈពេល១៥ឆ្នាំ ដើម្បីទទួលបាននូវសេវាកម្មទូទាត់សំណងវិញចំនួន២៥០០ដុល្លារ។
លោក ម៉ន ស៊ីម ប្រធាននាយកប្រតិបត្តិ ខេឌីអូ ហ្វាយណាន់ ភីអិលស៊ី បានថ្លែងថា«យើងនឹងផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋដែលត្រូវការសេវាធានាអាយុជីវិត។ ការប្រើប្រាស់សេវាមរណសង្គ្រោះនេះ នឹងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់សម្រាលបន្ទុកគ្រួសាររបស់ពួកគាត់»។
លោក ម៉ន ស៊ីម បានបន្ថែមថាករណីប្រជាពលរដ្ឋមិនមានថវិកាបង់១ឆ្នាំពេញ គឺពួកគាត់អាចបង់រំលោះបាន ដោយក្នុង១ខែ ត្រូវបង់៨ដុល្លារ។
បច្ចុប្បន្ន សមាគមមរណសង្គ្រោះថៃជី មានសាខាចំនួន២កន្លែងនៅភ្នំពេញ និងមាន៣សាខាទៀតនៅខេត្តកំពង់ចាម សៀមរាប និងស្វាយរៀង។ តាមផែនការ សមាគមនេះនឹងប្រមូលអតិថិជនឲ្យបាន១ លាននាក់ នៅត្រឹមឆ្នាំ២០២០ ៕