កំពង់ធំ៖ប្រជានេសាទលក្ខណៈគ្រួសារជាច្រើននាក់រស់នៅឃុំផាត់សណ្ដាយនិងឃុំពាមបាងស្រុកស្ទោងនិងស្រុកកំពង់ស្វាយបានអះអាងប្រាប់អ្នកយកព័ត៌មានយើងថាបទល្មើសនេសាទរបាំងលប{ណរ៉ាវ}រាយដាក់ស្ទាក់ចាប់ត្រីនារដូវបិទនិងបើកនេសាទដែលជារដូវត្រីកំពង់ពងកូននិងធ្វើចរាចរតាមព្រែកនិងបឹង ត្រូវក្រុមជនល្មើសធ្វើសកម្មភាពសំរុកដាក់រាយយ៉ាងអនាធិបតេយ្យដោយប្រើឧបករណ៍ខុសច្បាប់មានដូចជារបាំងសាច់អួនក្រឡាញឹកទំនើបៗសាច់ក្រហមខៀវដែលមានប្រវែងរាប់ពាន់មែត្រនិងមានរាប់ពាន់កន្លែងដែលស្ថិតនៅចំណុចចាប់ពីព្រែកតំបន់អភិរក្ស{ក្រឡុកបាយក្អែក}(ចុងអូរ )(ក្បាលតាបរ)(ផ្សោត)(ចែងលេខ3ចែងលេខ4)(រូងក្រពើ)(ចំការដំឡូង) (មុខវត្តកំពង់ចម្លង)(ក្ដិតនាងសាវ) (ព្រែកតាសោមករដប)និងតំបន់អភិរក្សជាច្រើនកន្លែងទៀតក្នុងភូមិសាស្ត្រទឹកដីឃំុផាត់សណ្ដាយ ស្ររុកកំពង់ស្វាយហូតជាប់ព្រំប្រទល់ឃុំពាមបាងស្ថិតក្នុងស្រុកស្ទោងដែលជាតំបន់ត្រីកំពង់ចរាចតាមព្រែកស្ថិតក្នុងឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
ប្រភពបានបង្ហើបឲ្យដឹងទៀតថាក្រុមឈ្មួញបានធ្វើសកម្មភាពនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់ទាំងនោះគឺត្រូវចំណាយលុយជាច្រើនលានរៀលឲ្យទៅក្រុមជំនាញសមត្ថកិច្ចដែលពាក់ព័ន្ធគឺបានដាក់ដោយរលូនមកទល់ពេលនេះហើយក្រុមឈ្មួញដែលពូកែខាងរត់ការនោះត្រូវគេស្គាល់ឈ្មោះយ៉ាងច្បាស់និងឈ្មោះជាច្រើនទៀតដែលគេស្គាល់ថាជាមេឈ្មួញនៅតំបន់នោះហើយរបាំងសាច់អួនទំនើបដែលក្រុមល្មើសដាក់ស្ទាក់ចាប់ត្រីដែរធ្វើឲ្យស្ទះចរាចរណ៍ត្រីកំពង់ពងកូននិងធ្វើចរាចរក្នុងព្រែកមានប្រវែងពី500ម៉ែត្រទៅ1000 ម៉ែត្រក្នុងមួយម្ចាស់ៗ។
តាមការអះអាងពីប្រភពខាងលើដដែលបន្តឲ្យដឹងថាកន្លងមកឃើញតែមន្ត្រីជំនាញជាច្រើនស្ថាប័នបានមកដល់ចំណុចទីតាំងរបាំងសាច់អួនទំនើបខាងលើជាញឹកញាប់ផងដែរ។ ប៉ុន្តែមកបង្ក្រាបបានតែរបាំងអួនតូចតាចតែប៉ុណ្ណោះរីឯរបាំងដែលមានប្រវែងរយម៉ែត្រគឺមិនបានបង្ក្រាបទេបានប្រាប់ឲ្យពន្លិចព្រោះថានេះគឺជាស្នៀតសំដែងរបស់សមត្ថកិច្ចជលផលខេត្តកំពង់ធំក្នុងការកលុយដែលគេហៅថាវ៉ៃអាតូចគំរាមអាធំព្រោះថាអាធំបានលុយច្រើនក្រោយពីការបង្ក្រាបរបាំងសាច់អួនតូចតាចរួចមកក្រុមសមត្ថកិច្ចនាំគ្នាដកខ្លួនចេញរង់ចាំមើលអ្នករត់ការរបាំងធំៗមកជួបហើយបើមិនឃើញមានមេខ្លោងធ្វើការដោះស្រាយគឺត្រូវពួកគេគំរាមថាកាប់បំផ្លាញចោលទាំងអស់។
ចំណែកលោកនាយរងសង្កាត់រដ្ឋបាលជលផលផាត់សណ្ដាយដែលគេស្គាល់ឈ្មោះលោកទឹមសុភី(ហៅប្រុស)ក៏ត្រូវបានប្រជានេសាទធ្វើការចោទប្រកាន់ថាជាអ្នកនៅពីក្រោយខ្នងមេឈ្មួញទាំងនោះ។
ទាក់ទងករណីក្រុមឈ្មួញប្រើប្រាស់ឧបករណ៍បទល្មើសនេសាទនៅចំណុចខាងលើអ្នកយកព័ត៌មានយើងបានសុំការបំភ្លឺពីលោកនាយផ្នែករដ្ឋបាលជលផលផាត់សណ្ដាយលោកយ៉ាន់វិសាក់ហៅសែត្រូវបានលោកឆ្លើយតបទាំងគំរុះគំរើយមកលើអ្នកសារព័ត៌មានរួចបានឆ្លើយប្រាប់ថាគាត់ទទួលស្គាល់ចំពោះទីតាំងប្រព្រឹត្តបទល្មើសនេសាទនៅខាងលើនោះហើយប៉ុន្តែលោកកំពុងជាប់រវល់ហើយបានបិទទូរស័ព្ទវិញទៅ។
ប្រភពមជ្ឈដ្ឋានជាច្រើនធ្វើការរិះគន់ថាមន្ត្រីខិលខូចដូចជាលោកនាយផ្នែកនិងនាយសង្កាត់រដ្ឋបាលជលផលផាត់សណ្ដាយនិងលោកប៉ែនវណ្ណារិទ្ធិនាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំបានដឹងចិត្តថ្លើមច្បាស់ណាស់ថាលោកអេងជាសាន្តប្រតិភូរាជរដ្ឋាភិបាលនិងជាមេជលផលគាត់ចូលចិត្តអង្គុយអានរបាយការណ៍នៅតែក្នុងប៊ុយរ៉ូម៉ាស៊ីនត្រជាក់ប៉ុណ្ណោះនិងម្យ៉ាងសមគាត់ចាស់ទ្រុឌទ្រោមរញីរញ័ផងដែលមិនសូវមានកម្លាំងកំហែងស្រាប់ផងទើបសមត្ថកិច្ចជលផលថ្នាក់ក្រោមៗបានដៃ។
ចំណែកការបង្ក្រាបបទល្មើសនេសាទលុបបំបាត់ភាពអនាធិបតេយ្យក្នុងវិស័យជលផលអនុវត្តន៍តាមបទបញ្ជា-លេខ01របស់រាជរដ្ឋាភិបាលគឺមិនមានប្រសិទ្ធិភាពឡើយ៕