ភ្នំពេញ ៖ ក្នុងច្បាប់ចែងថា «ទំនាស់ដីធ្លីមានប្លង់រឹងជាសមត្ថកិច្ចរបស់តុលាការ និងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជាអ្នកសំរេចរកយុត្តិធម៌ដល់គូក្តី រីឯដីធ្លីគ្មានប្លង់រឹងជាសមត្ថកិច្ចរបស់អាជ្ញាធរ ជាតិដោះស្រាយទំនាស់ដីធ្លី ជាអ្នកផ្តល់យុត្តិធម៌ចំពោះគូក្តី»។ ប៉ុន្តែឥឡូវមានរឿងចម្លែកនៅខេត្តកណ្តាលដីរបស់ក្រុមហ៊ុនជប៉ុនឈ្មោះមីនយូ ឃូលឆឺ ហ្វោនដេស្ហិន ជាងមួយហិកតា មានប្លង់រឹង បែរជាខាង មន្ត្រីនៅអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីលូកដៃចូលកកូរ ធ្វើឲ្យស្ទះនីតិវិធីរបស់តុលាការទាំង៣ថ្នាក់ ក្នុងការអនុវត្តប្រគល់ដីនោះ ជូនក្រុមហ៊ុនជប៉ុនវិញ ក្រោយពីអតីតព្រឹទ្ធសភាមកពីគណបក្សហ្វ៊ុនស៊ិន ប៉ិច ក្លែងឯកសារជាក្រុមរំលោភយក ។ ដូច្នេះករណីនេះមានតែសម្តេចហ៊ុន សែន ម្នាក់ប៉ុណ្ណោះ ហ៊ាន អារកាត់មន្ត្រីជិះសេះមើលផ្កា នៅក្នុងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបាន ព្រោះរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ក៏ដូចជាតុលាការទាំង៣ថ្នាក់ កំពុងតែញញើតមន្ត្រីជិះសេះមើលផ្កានោះ ខ្លាំងណាស់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុដែលមន្ត្រីខាងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីលូកដៃក្នុង រឿងនេះ ព្រោះតែជនជាប់ចោទឈ្មោះពៅ សិទ្ធិ អតីតព្រឹទ្ធសភាមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងសុំ អន្តរាគមន៍ តែមន្ត្រីជិះសេះមើលផ្កាទាំងនោះអត់មើលឯកសារទេ ក៏មកអន្តរាគមន៍យ៉ាងច្រងេងច្រងាង ទំនងបានប្រយោជន៍ក្រាសក្រែល? អ្នកច្បាប់បានលើកឡើងថា រឿងនេះដីមានប្លឹងរឹង មិនមែនជាតួនាទីខាងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីលូកដៃនោះឡើយ ត្រូវយល់ពីច្បាប់ផង កុំយល់ពីបក្សពួកនិងលុយខ្លាំងពេក ។ ឥឡូវជនជាប់ចោទឈ្មោះពៅ សិទ្ធិ នោះ ត្រូវតុលាការផ្តន្តាទោស១៨ខែ ពីបទក្លែងបន្លំនិងប្រើប្រាស់ឯកសារក្លែងរំលោភយកដីក្រុមហ៊ុនជប៉ុនជាងមួយហិកតា នៅក្រុងតាខ្មៅនិងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ករណីនេះសូម្បីតុលាការទាំង៣ថ្នាក់ ក៏ដូចជាក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ សុទ្ធតែបានទទួលស្គាល់ថា «ដីទាំងនោះជារបស់ក្រុមហ៊ុនជប៉ុន មិនមែនដីរបស់ជនជាប់ចោទឈ្មោះពៅ សិទ្ធិ ឡើយ«។ ជុំវិញព័ត៌មាននេះ អរិយធម៌មិនអាចសុំការបកស្រាយពីមន្ត្រីនៅអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបានទេ៕ ដោយ៖ ឧត្តម
» ព័ត៌មានជាតិ » សម្តេចតេជោមេត្តាពិនិត្យមើលមន្ត្រីជិះសេះមើលផ្កា នៅអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីផង