មណ្ឌលគិរី៖ បុរសម្នាក់បានស្លាប់បែកពពុះមាត់នៅក្នុងមណ្ឌលសុខភាពអូរអាម ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា កាលពីវេលាម៉ោងប្រមាណ៦យប់ ថ្ងៃចុងសប្តាហ៍កន្លងទៅ ហើយករណីនេះត្រូវបានគេសង្ស័យថា ជនរងរងគ្រោះស្លាប់ដោយពុលអាហារ។
ជនរងគ្រោះមានឈ្មោះ កង បុណ្យ អាយុ៣៨ឆ្នាំ ស្រុកកំណើតភូមិព្រៃស្វាយ ឃុំចុងអំពិល ស្រុកកញ្ជៀច ខេត្តព្រៃវែង។
បើតាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តឈ្នួល១គ្រឿងដឹកអ្នកដំណើរចេញពីខេត្តមណ្ឌលគិរី លុះមកដល់មុខលំនៅដ្ឋានអភិបាលស្រុកកែវសីមា រថយន្តក៏បានឈប់ឲ្យជនរងគ្រោះចុះ និងស្ថិតក្នុងសភាពរាករូស ហើយក៏ត្រូវប្រជាកាពារភូមិឌុបទៅកាន់មណ្ឌលសុខភាព។
ចំណែកគ្រូពេទ្យប្រចាំការនៅមណ្ឌលសុខភាព បានមានប្រសាសន៍ថា ពេលជនរងគ្រោះមកដល់មណ្ឌលសុខភាពបានដើរចូលបង្គន់ម្តងទៅ២ដង ដោយមិនមាននិយាយស្តីជាមួយគ្រូពេទ្យនោះទេ។ លុះពេលចេញពីបង្គន់វិញជនរងគ្រោះក៏សំដៅទៅលើគ្រែក្នុងបន្ទប់សម្ភពរួចក៏បែកពពុះមាត់ស្លាប់តែម្តង
។
ចំពោះករណីនេះលោក ជិន សុខន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលស្រែខ្ទុម បានចុះត្រួតពិនិត្យសព និងសន្និដ្ឋានបឋមថា ជនរងគ្រោះអាចស្លាប់ដោយពុលអាហារ។
បច្ចុប្បន្នសពជនរងគ្រោះកំពុងតំកល់ទុកនៅមណ្ឌលសុខភាពរង់ចាំធ្វើកោសល្យវិច្ច័យបន្ថែម៕
» ព័ត៌មានជាតិ » បុរសម្នាក់ដេកស្លាប់ សង្ស័យពុលអាហារ