ភ្នំពេញ ៖ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៦ ក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានទីតាំងលេខ២២ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បុរសរងគ្រោះរូបនោះមិនត្រូវបានអ្នកណាម្នាក់ស្គាល់អត្តសញ្ញាណឡើយ ដោយមានអាយុប្រហែលជាង២០ឆ្នាំ សម្បុរខ្មៅស្រអែម មាឌធំល្មម កំពស់ប្រហែល១,៥៦ម៉ែត្រ ស្លៀកខោខូវប៊យជើងវែង អាវការ៉ូដៃវែង ត្រូវបានគេប្រទះឃើញចងកធ្វើអត្តឃាតនៅកន្លែងកើតហេតុខាងលើ ។
មុនពេលកើតហេតុ ខណៈពេលដែលស្ត្រីជាបុគ្គលិកម្នាក់បានមកធ្វើការបោសសំអាត កន្លែងធ្វើការនៅជាន់ខាងក្រោមក្បែរកន្លែងកើតហេតុ ស្រាប់តែប្រទះឃើញចុងជើងរបស់មនុស្សនៅខាងលើ ។ ពេលបានឃើញចុងជើងរបស់មនុស្សហើយ ដោយមានការសង្ស័យស្ត្រីរូបនោះក៏បានឡើងទៅមើល ក៏ស្រាប់តែបានប្រទះឃើញបុរសម្នាក់បានចងកសម្លាប់ប់ខ្លួនស្លាប់ បាត់ទៅហើយ ក៏រត់ចុះមកខាងក្រោមប្រាប់សន្តិសុខដែលយាមនៅទីនោះ និងរាយការណ៍ប្រាប់កម្លាំងមានសមត្ថកិច្ចមូលដ្ឋានផងដែរ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីនគរបាលជំនាញក៏បានចុះមកធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យសពបុរសជនរងគ្រោះ បានប្រាប់ឱ្យដឹងថា បុរសរងគ្រោះពិតជាបានស្លាប់ដោយសារការចងកធ្វើអត្តឃាតសម្លាប់ខ្លួន ឯពិតប្រាកដមែន ។ សពជនរងគ្រោះត្រូវបានបញ្ជូនយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕