កណ្តាល ៖ ជម្លោះហឹង្សា ក្នុងរង្វង់គ្រួសារ ផ្ទុះកើតឡើង ចេញពីទំនាសើសម្តី ខ្វះការយោគយល់ ម្នាក់រងរបួសធ្ងន់ ចូលដេកពេទ្យ ម្នាក់ទៀតជាអ្នកឈ្នះក្នុងសមរភូមិ ត្រូវបានប៉ូលីសចាប់ខ្លួន កាលពីវេលាម៉ោង៥និង១០នាទី រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះ ជាអ្នកចាញ់ មានឈ្មោះម៉ៅ ធារ៉ា ហៅចយ ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិ ចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្ត កណ្តាល ។ ចំណែកអ្នកឈ្នះ ក្លាយជាជនល្មើស មានឈ្មោះឆន ចាន់ថុន ហៅតាត់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮខេត្តកណ្តាល ។
នៅមុនពេលកើតហេតុនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៦ ជនរងគ្រោះ និងជនល្មើសបានមានទំនាស់ពាក្យសំដីគ្នាពីរឿងនៅក្នុងគ្រួសារ។ លុះដល់ថ្ងៃទី២០.០៨.២០១៦វេលាម៉ោង១៧.០០នាទីជនល្មើសបានទៅខោកក្បាលជនរងគ្រោះ ពេលនោះជនរងគ្រោះខឹងក៏បានវាយប្រតាយប្រតប់ ជនល្មើស ឆ្លៀតពេលនោះជនល្មើសក៏បានយកកូនកាំបិតដងជ័រចេញពីហោប៉ៅខោ របស់ខ្លួនចាក់ទៅលើជនរងគ្រោះចំខ្នងចំនួន០២ កាំបិត បណ្តាលឲ្យរងរបួសជាទំម្ងន់ បច្ចុប្បន្នជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ ចំណែកជនល្មើសបានឃាត់ខ្លួនបញ្ជូនមក អធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕