បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៨ យប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ករណីហិង្សាក្នុងគ្រួសារដ៏រន្ធត់មួយបានកើតឡើងបង្កឲ្យមានការ ភ្ញាក់ផ្អើល បន្ទាប់ស្ត្រីជាប្រពន្ធ បានយកកូនកាំបិតចុងស្រួចទៅចាក់ប្តីជាច្រើនកាំបិត រួចចាក់ខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ នៅភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
មុនពេលកើតហេតុប្តីប្រពន្ធនេះ បានផឹកស្រាជុំគ្នារហូតស្រវឹងរៀងខ្លួន តែមិនដឹងថាប្រពន្ធខឹងប្តីដោយសាររឿងអ្វីទេ ក៏ស្រាប់តែឈ្មោះ ផូ សុធន អាយុ២២ឆ្នាំ ជាប្រពន្ធ បានស្ទុះទៅយកកូនកាំបិតចុងស្រួចចាក់ប្តីឈ្មោះ ពៅ សានិត អាយុ៣២ឆ្នាំ បណ្តាលឲ្យរបួសពេញខ្លួន ក្រោយមកប្តីក៏បាននិយាយថា អញឈប់យកនាងឯងធ្វើជាប្រពន្ធ ហើយភ្លាមៗនោះស្ត្រីជាប្រពន្ធក៏បានចាក់ខ្លួនឯងដោតកាំបិតជាប់ នឹងពោះរងរបួសធ្ងន់ទាំងអស់គ្នា ។
ក្រោយពីកើតហេតុ ប្តីប្រពន្ធ២នាក់នេះត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមណ្ឌល សុខភាពឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ បើតាមការ សាកសួរ ក្នុងពេលផឹកនោះប្តីនិយាយលេងថា បើបានប្រពន្ធចេះផឹកស្រាអញមិនយកទេ ទៅយកស្រីក្មេងជាងនេះហើយមិនចេះផឹកវិញល្អជាង ។ ប្រហែលដោយសារការនិយាយលេងនេះហើយទើបធ្វើឲ្យប្រពន្ធខឹង យកកូនកាំបិតមកចាក់ប្តីតែម្តងទៅ ៕
» ព័ត៌មានជាតិ » ទំនាស់គ្នា បណ្តាលឲ្យប្រពន្ធចាក់ប្តីជាច្រើនកាំបិត រួចចាក់ខ្លួនឯង