ភ្នំពេញ ៖ នាថ្ងៃទី២០ សីហា ២០១៦ ។ បើតាមការឱ្យដឹងពីស្ត្រីជាម្តាយឈ្មោះញ៉េប ថាវរី អាយុជាង៤០ឆ្នាំ ថា កូនគាត់ (ជនរងគ្រោះដែលស្លាប់) មានឈ្មោះសយ ភារម្យ អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ គឺជាមនុស្សដែលញៀនថ្នាំខ្លាំងម្នាក់ ហើយបាត់ពីផ្ទះ៣ថ្ងៃមកហើយ មិនដឹងទៅណា រួមទាំងសោចាក់ម៉ូតូទៀត ដែលមានឃើញនៅជាប់ជើងសាកសពកូនប្រុសគាត់នោះ ។
ការស្លាប់នេះត្រូវម្តាយសង្ស័យថា កូនគាត់អាចយកសោមកចាក់ជើងខ្លួងឯង រួចលោតទឹកសម្លាប់ខ្លួននៅចំណុចណាមួយ ព្រោះកូនគាត់ជាមនុស្សញៀនថ្នាំនិយាយលែងស្តាប់គ្នាទៅហើយ ។ ដោយឡែកស្ត្រីជាម្តាយ ក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ ចំពោះករណីប្រទះឃើញសាកសពកូននេះ ហើយសពក៏បានបូជារួចដែរនៅវត្តសិទ្ថារាម ហៅវត្តព្រែកតាគង់ ព្រោះធុំក្លិនខ្លាំងពេក ។
គួររំលឹកថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីពលរដ្ឋរស់នៅតាមច្រាំងទន្លេ បានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតជាប់ច្រវាក់ជើងទាំង២ និងហើមស្អុយរលួយទៅហើយ កាលពីវេលាម៉ោង០៧ និង៣០នាទីព្រឹកថ្ងៃទី១៩ សីហា ២០១៦ ស្ថិតនៅចំណុចច្រាំងទន្លេក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សាកសពគេនៅមិនទាន់ស្គាល់អត្តសញ្ញាណទេ តែស្លៀកខោខូវប៊យ និងពាក់អាវយឺតពណ៌ខ្លាញ់ក្តាម ដោយជើង ទាំង២ជាប់ច្រវាក់ចាក់សោទៀតផង ធ្វើឱ្យគ្រប់គ្នាដែលចោមរោមមើលសាកសព រកតែពុទ្ធោទេ ព្រោះស្លាប់ទាំងជាប់ច្រវាក់ជើងបែបនេះ ៕