ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខភោជណីដ្ឋានអូណាម តាមបណ្តោយផ្លូវ៤២២ កែងផ្លូវ៧៣ ស្ថិតក្នងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
នៅមុនពេលកើតហេតុកម្លាំងអាវុធហត្ថខណ្ឌកំពុងជិះម៉ូតូល្បាតនៅតាមបណ្តោយផ្លូវ ៤២២ លុះមកដល់ចំណុចកើតហេតុក៏មានប្រជាពលរដ្ធបានស្រែកតៗគ្នាថា មានករណីឆក់កាបូបជនបរទេស ភ្លាមនោះកម្លាំងក៏ធ្វើការដេញតាម និងបោះដៃតាមវិទ្យុទាក់ទងឲ្យកម្លាំងបន្ថែមជួយដេញស្ទាក់រហូតដល់ផ្លូវ៤២២ កែងផ្លូវ ៧៣ ទើបឃាត់បានជនសង្ស័យទាំង២នាក់ និងចាប់យកបានកាបូបរបស់ជនរងគ្រោះបានមកវិញ ។
ប្រភពឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ទី១-ឈ្មោះ វី រ៉ា អាយុ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ជាអ្នកធ្វើសកម្មភាព និងទី២-ឈ្មោះ ស្រីវណ្ណា អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ជាអ្នកបើកម៉ូតូ អ្នកទាំង២នាក់ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ចំណែកឯម៉ូតូដែលធ្វើសកម្មភាពឆក់ ម៉ាកហង់ដាឌ្រីម ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG-0797 ។
ជនសង្ស័យទាំង២នាក់នោះត្រូវបានកម្លាំងអាវុធហត្ថនាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការសាកសួរកសាងសុំណុំរឿងចាក់ការតាមនីតិវិធី ដោយឡែកជនរងគ្រោះអាវុធហត្ថបាននាំមកលាងរបួសនៅអាវុធហត្ថខណ្ឌក្រោយពីការដួលម៉ូតូ និងនាំមកដាក់ពាក្យបណ្តឹងផងដែរ រួចអាវុធហត្ថបានប្រគល់កាបូបឲ្យទៅជនរងគ្រោះវិញមិនមានបាត់បង់អ្វីឡើយ ៕
» ព័ត៌មានជាតិ » ប៉ូលិសចាប់ចោរឆក់កាបូប បាន២នាក់