ព្រះសីហនុ ៖ នៅរសៀលម៉ោងជិត៤ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចតូបលេខ៦៦៦ ឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ។ ខណៈដែលភ្ញៀវទេសចរណ៍ ទាំងជាតិ និងអន្តរជាតិ មកមុជទឹកលេងកំសាន្ត នៅឆ្នេរអូរឈើទាល យ៉ាងច្រើនកុះករ ស្រាប់តែមេឃធ្លាក់ខ្យល់ បង្កជាទឹករលកធំៗ ហើយបានបណ្តាលបុរសម្នាក់ លង់ទឹកស្លាប់ភ្លាមៗ បើទោះបីជាមានគេជួយសង្គ្រោះ យ៉ាងណាក៏ដោយ ។
ដោយឡែកភ្ញៀវទេសចរជាច្រើនទៀត ត្រូវបានក្រុមម៉ូតូទឹក នៅកន្លែងកើតហេតុ បានចេញជួយសង្គ្រោះ ទាន់ពេលវេលាផងដែរ ។ ជនរងគ្រោះ មិនទាន់ស្គាល់ អត្តសញ្ញាណ នៅឡើយ ខណៈ ល្ងាចថ្ងៃនេះសមត្ថកិច្ចពាក់ព័ន្ធ កំពុងធ្វើដំណើរ ទៅកាន់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យ ។
ជុំវិញបញ្ហានេះប្រជាពលរដ្ឋ បានធ្វើការរិះគន់ត្រង់ៗ មកអាជ្ញាធរពាក់ព័ន្ធ ជាពិសេស គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរខេត្ត ថាអត់សមត្ថភាព ក្នុងការការពារសុវត្ថិភាព ជូនភ្ញៀវទេសចរ ដោយសារតែ មកដល់ពេលនោះ មានភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ បានលង់ទឹកសមុទ្រស្លាប់ អស់ជាច្រើននាក់ មកហើយ ៕
» ព័ត៌មានជាតិ » ខ្យល់គួចបុរសម្នាក់លង់ទឹកសមុទ្រស្លាប់ និងច្រើនទៀតជួយសង្គ្រោះទាន់