ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» Breaking News, ព័ត៌មានជាតិ » មេ​គយ ឆែ សុធា ឃុបឃិត​នឹង​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ​ ​

មេ​គយ ឆែ សុធា ឃុបឃិត​នឹង​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ​ ​

ខេត្ត​បន្ទាយមានជ័យ​៖ ទំនិញ​ជា​ច្រើន​ប្រភេទ​នាំ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ ក៏ដូចជា​ច្រករបៀង​ជាច្រើន​ទៀត​នៅ​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​រត់ពន្ធ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​បាត់បង់​ចំណូល ប៉ុន្តែ​អំពើ​រត់ពន្ធ​នេះ ទទួល​ផល​នៃ​ប្រភព​សេដ្ឋកិច្ច​លក្ខណៈ​បុគ្គល បក្ខពួក​របស់​លោក ឆែ សុធា ប្រធាន​សាខាគយ និង​រដ្ឋា​ការ​ខេត្ត​បន្ទាយមានជ័យ ដែល​គេ​និយម​និយាយ​ថា អំពើ​ពុករលួយ​នេះ កើតឡើង​ជា​លក្ខណ​ប្រព័ន្ធ តូច​ទទួលផល​តូច ថ្នាក់លើ​ទទួល​កម្រៃ​ក្រាស់ រួម​គ្នា​ហែក​យក​ប្រយោជន៍​រាល់​បទល្មើស​ទំនិញគេចពន្ធ​ហូរ​ចូល ។​
​គេ​បាន​រាយការណ៍​មក​ថា គ្រាន់​តែ​ពី​ទី​រួម​ខេត្ត​បន្ទាយមានជ័យ​ទៅកាន់​ក្រុង​ប៉ោយប៉ែត ក្នុង​ចម្ងាយ​ដី​ជាង​៤០​គីឡូម៉ែត្រ គឺ​មាន​កុងត្រូល​របស់​ក្រុម​គយ​ចល័ត កូនចៅ​លោក ឆែ សុធា ចំនួន​៣​កន្លែង ស្ថិត​នៅ​ចំណុច​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត នៅ​ចំណុច​សាលា​ក្រហម ស្រុក​អូរជ្រៅ និង​នៅ​ក្បែរ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ក្នុង​ទី​រួម​ខេត្ត ។ រូបភាព​នៃ​ការដាក់​ក្រុម​គយ​ចល័ត​ទាំងនេះ ក្នុង​វិធានការ​ទប់ស្កាត់​ទំនិញ​គេច​ពន្ធ ប្រយោជន៍​ប្រមូល​ពន្ធ​ជូន​រដ្ឋ ប៉ុន្តែ​ធាតុពិត មិន​ខុស​ពី​កុងត្រូលជជុះ ជា​ទម្លាប់​រាប់​ក្បាល​ឡាន​ដឹក​ទំនិញ គិត​តាំង​ពី​រថយន្ត​ប្រភេទ​តាក់ស៊ី​តូចតាច រថយន្តក្រុង​ដឹក​អ្នកដំណើរ រថយន្ត​ធុន​ធំ ជាមួយនឹង​ការដឹកជញ្ជូន​សាច់មាន់ ជ្រូក ផ្លែឈើ​ជា​ច្រើន​ទៀត ត្រូវតែ​មាន​វត្តមាន​ចូល​បង់ប្រាក់ ឬ​ចាត់ចែង​ទទួល​កម្រៃ​ប្រចាំខែ​ជាដើម ។​
​គេ​បាន​បញ្ជាក់ថា ក្រុម​គយ​ចល័ត​នៅ​ចំណុច​សាលា​ក្រហម​ស្រុក​អូរជ្រៅ គឺជា​ក្រុម​ប្រដេញ សម្រាប់​ចាប់​រថយន្ត​ណាមួយ ដែល​មិន​បាន​ចូល​បង់លុយ និង​កើត​ទៅជា​រឿងអាស្រូវ​បញ្ហា​ជា​ញឹកញាប់​ជាមួយនឹង​ក្រុម​អ្នក​រត់​តាក់ស៊ី ដែល​ពួកគាត់​ចោទប្រកាន់ថា ជាន់ក​តែ​អ្នក​រត់​តាក់ស៊ី ដាក់​ទំនិញ​បន្តិចបន្តួច​សម្រាប់​ដោះស្រាយ​ក្រពះ ប៉ុន្តែ​ចំពោះ​រថយន្ត​ធំៗ ក៏ដូចជា​ឈ្មួញ​ខ្សែ​ក្រាស់ៗ គ្មាន​ឃើញ​វត្តមាន​មន្ត្រី​គយ​ទាំង​នោះ​ចាត់វិធានការ​ឡើយ ។​
​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែត ច្រក​ម៉ាឡៃ ច្រក​អូរ​បី​ជាន់ ជាមួយនឹង​ច្រក​បឹង​ត្រ​កូន​ផង​ដែរ ពិតជា​មាន​ទំនិញគេចពន្ធ​ហូរ​ចូល​ជា​ហូរហែ ដែល​សកម្មភាព​ល្មើស​ច្បាប់​ខ្លះ ត្រូវបាន​គេ​សង្ស័យថា ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ផលប្រយោជន៍​របស់​មន្ត្រី​គយ​ក្រោម​ឱវាទ​លោក ឆែ សុធា ក៏​ដូចជា​មាន​ករណី បើកភ្លើង​ខៀវ​ពី​លោក​មេ​គយ​រូបនេះ ។ ក្រៅពីនោះ នៅ​មាន​ច្រករបៀង​ជិត​១០០​កន្លែង​ទៀត ត្រូវបាន​នាំ​ចូល​ទំនិញគេចពន្ធ​ប្រភេទ​ជា​ហ្គាស ភេសជ្ជៈ ស្រា​បៀរ ទំនិញ​ចាប់ហួយ ប្រហិត ត្រី សាច់មាន់ ជ្រូក មួយចំនួនធំ សុទ្ធតែ​ខូចគុណភាព និង​ប្រើ​សារធាតុ​គីមី អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នៅក្នុ​ង​ស្រុក​បរិភោគ​ផងដែរ ។ គេ​បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​ច្រក​អូរ​បី​ជាន់ មាន​ការហូរ​ចូល​ប្រភេទ​ឈើ​គ្រញូង​ពី​ថៃ និង​ច្រក​បឹង​ត្រ​កូន​លួច​នាំ​ចូល​ឡាន​ចង្កូត​ស្តាំ​ជា​ញឹកញាប់ ។​
​ពាក់ព័ន្ធ​ការលើកឡើង​ខាងលើនេះ លោក ឆែ សុធា បាន​បដិសេធចោល​ទាំងស្រុង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៦ លោក​បាន​បញ្ជាក់ថា ខ្ញុំ​ទទួលស្គាល់ថា មាន​ខ្លះ​ដែរ តាម​ច្រករបៀង ពីព្រោះ​មាន​ច្រើន​កន្លែង ម្យ៉ាង​ទៀត​រឿង​នេះ ប្រជុំ​គណៈបញ្ជាការ​ខេត្ត​ព្រឹក​មិញ ក៏​ខ្ញុំ​សំណូមពរ​ទៅ​កាន់​អាជ្ញាធរខេត្ត ក៏​ដូចជា​នគរបាល​វរៈ​ការពារ​ព្រំដែន​នី​មួយៗ មេត្តា​ជួយ​សហការ​ទប់ស្កាត់ ។ ដោយឡែក នៅ​ច្រក​បឹង​ត្រ​កូន​នោះ ខ្ញុំ​សូមបញ្ជាក់ថា មិនមាន​ទេ ឡាន​ចង្កូត​ស្តាំ​ហូរ​ចូល​នោះ ។​
​ក្នុងករណី​ដែល​ប្រភព​ខ្លះ​ត្រូវ​ទម្លាយ​ថា មាន​ទំនិញគេចពន្ធ​ជាច្រើន​បង្កប់​តាម​រថយន្តក្រុង​ធំៗ កើតមាន​ជា​ហូរហែ​តាំងពី​មុន​មក និង​បច្ចុប្បន្ននេះ លោក​ឆែ សុធា បាន​គូសបញ្ជាក់ថា រឿង​ទំនិញគេចពន្ធ​តាម​ឡានក្រុង​នោះ មាន​មែន តែ​តិចតួច​ទេ ម្យ៉ាងទៀត ខ្ញុំ​ក៏​បាន​ណែនាំ​ក្រុមហ៊ុន​រថយន្តក្រុង​បញ្ឈប់​ការដឹក ដូច្នេះ​ពួកគាត់​បាន​ស្តាប់ ហើយ​ឈប់​ដឹកជញ្ជូន បើ​មាន មាន​តែ​ដឹក​អ្នកដំណើរ​ប៉ុណ្ណោះ ។​
​គេ​បាន​រាយការណ៍​ថា រថយន្តក្រុង​ក្រុមហ៊ុន​ថោង​ស៊ី​ង ដឹក​អ្នកដំណើរ គឺ​ចេញ​មុខ​ដឹក​ទំនិញ​គេច​ពន្ធ​ស្ទើរ​ទាំងស្រុង អ្នកដំណើរ​តិចតួច​បំផុត បន្ទាប់ពី​ក្រុមហ៊ុន​នេះ​មាន​អ្នករត់​ការណ៍​ផ្លូវ​សម្រាប់​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស គយ នេះ​តែម្តង បង់​តាំងពី​មាត់ច្រក គយ​ចល័ត​គ្រប់កន្លែង និង​គយ​សាខា​ខេត្ត ក្នុង​មួយ​ថ្ងៃៗ​រាប់សិប​ឡាន ដោយ​មាន​ឈ្មួញ ចាំ​ទទួល​ទំនិញ​ទាំងនោះ​នៅ​រាជធានី​ភ្នំពេញ ដោយ​គ្រាន់តែ​យក​ម៉ូតូ​កង់​បី​ដាក់​ឃ្លុប​ជិត​ទៅ​ដឹក​ជញ្ជូន​ចេញពី​រថយន្ត​ក្រុង​យ៉ាង​ប្រសេកប្រសាច​ពេល​ទៀបភ្លឺ​នៅ​ឯ​បេនឡាន នា​ក្រុង​ភ្នំពេញ ។ សមត្ថកិច្ច និង​មន្ត្រីរាជការ​ខ្លះ​ដែល​បានដឹង​រឿង​នេះ ពួក​គាត់​គិតថា រដ្ឋ​នឹង​ត្រូវ​បាត់បង់​ចំណូល​ពន្ធ​នាំចូល កើតឡើង​ដោយ​មន្ត្រី​គយ​ពុករលួយ ខ្វះ​ភាព​ទទួលខុសត្រូវ​តាម​ភារកិច្ច តួនាទី ដូច្នេះ​គួរ​ណាស់​តែ​ថ្នាក់លើ​ពង្រឹង​អំពើពុករលួយ​នេះ មិនមែន​មានន័យថា ការដឹក​កុងត្រូលជជុះ​របស់​គយ​ចល័ត​ច្រើន​កន្លែង ជា​ប្រសិទ្ធភាព​សម្រាប់​ទប់ស្កាត់​ទំនិញ​គេច​ពន្ធ ឬ​រក​ចំណូល​ពន្ធ​កើនឡើង​ចូល​រដ្ឋ​ទេ មានតែ​សកម្មភាព​នៃ​អំពើ​គាបសង្កត់​ឈ្មួញ​រកស៊ី​ទៀងត្រង់ និង​ចាំ​រាប់​ក្បាល​ឡាន​ដឹក​ទំនិញ ឬ​ចាំ​ប្រដេញ​រថយន្ត​ដឹកទំនិញ ដែល​មិន​ចូល​បង់​លុយ​តែប៉ុណ្ណោះ ។ បញ្ហា​ទាំងអស់​នេះ បាន​ប្រឈម​ទៅ​នឹង​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន អ្នកធ្វើដំណើរ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដែល​មើលឃើញថា កម្ពុជា​មាន​សន្តិភាព ប្រទេស​គ្រប់គ្រង​ដោយ​ច្បាប់ មិនត្រូវ​មាន​ក្រុម​គយ​ចល័ត​ដ៏​ប្រសេកប្រសាច គ្រាន់​តែ​ដី​ជាង​៤០​គីឡូម៉ែត្រ​សោះ ដាក់​ក្រុម​គយ​ចល័ត បន្តកន្ទុយ​គ្នា​ដូច​ខ្យង សុទ្ធតែ​ជា​អំពើ​ពុករលួយ ៕

1-175 1-176

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya