ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៣១ ក្នុងភូមិត្រាំសសរ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត ។ ជនរងគ្រោះជាប្តីឈ្មោះ ប៊ី អេង អាយុ៦២ឆ្នាំ ប្រពន្ធឈ្មោះ សំបូរ ញ៉ អាយុ៦១ឆ្នាំ នៅភូមិគាថាវង់លើ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាន ។
មុនពេលកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១ ក្នុងទិសដៅពីត្បូងទៅជើងក្នុងគោលបំណងដើររកទិញគោ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្ត១គ្រឿងម៉ាកទីនណា ពណ៌ស ពាក់ស្លាកលេខ ភ្នំបេញ 2AK-2965 បើកស្របទិសគ្នាបុកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យស្លាប់ទាំង២ នាក់តែម្តង ។
ក្រោយពេលកើតហេតុរថយន្តបង្កបានព្យាយាមបើកគេចទៅកាន់ភូមិសាស្ត្រ ស្រុកអង្គរជ័យ នគរបាលក៏បានទាក់ទងទៅសមត្ថកិច្ចស្រុកអង្គរជ័យឲ្យជួយស្ទាក់បន្ត ពេលនោះរថយន្តបានព្យាយាមបើកគេចចេញពីផ្លូវជាតិលេខ៣១ចូលតាមផ្លូវ ក្រួសក្រហមឆ្ពោះទៅទិសខាងកើត រួចឈប់រថយន្តនាំគ្នាចុះរត់គេចខ្លួនបាត់ស្រមោលអស់ បន្សល់ទុកតែឡានត្រូវសមត្ថកិច្ចយកមករក្សាទុកដើម្បីធ្វើការ ស្រាវជ្រាវបន្តទៀត ៕
» ព័ត៌មានជាតិ » ឡានបុកម៉ូតូ បណ្ដាលឲ្យស្លាប់ទាំង២នាក់