ភ្នំពេញ ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨ និង៥៥នាទីយប់ថ្ងៃទី១៨ សីហា ២០១៦ ស្ថិតត្រង់ចំណុចផ្លូវ១៧៣កែង៤២៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
បុរសរត់ម៉ូតូឌុបរងគ្រោះឈ្មោះម៉េង ហួរ អាយុ៧២ឆ្នាំ ជារត់ឌុប ស្នាក់នៅផ្ទះលេខ២១១EO ផ្លូវ២៥៧ ភូមិ៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។ ប្រភពឱ្យដឹងថា បុរសរងគ្រោះបានបើកម៉ូតូម៉ាកគុបជ្រុងសេ៧០ ពណ៌ទឹកសមុទ្រ ឌុបស្ត្រីចិនម្នាក់ធ្វើដំណើរតាមផ្លូវ១៧៣ ក្នុងទិសដៅពីជើងទៅត្បូង ។
ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជនសង្ស័យ២នាក់បានជិះម៉ូតូ ប្រភេទអូតូមួយគ្រឿងមិនចាំម៉ាក និងស្លាកលេខ ធ្វើដំណើរមកពីក្រោយធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីនារីជនជាតិ ចិនដែលកំពុងជិះលើម៉ូតូ តែមិនបានសំរេច បណ្ដាលឲ្យម៉ូតូនិងដួលធ្វើឱ្យអ្នកបើកម៉ូតូរងរបួសបែកមុខបែកមាត់ សន្លប់ស្ដូកស្ដឹង ។
ជនរងគ្រោះត្រូវបានអ្នកជិតខាង និងអ្នកធ្វើដំណើរជួយសង្គ្រោះ គួកច្របាច់ និងលាបប្រេងខ្យល់ឱ្យទើបដឹងខ្លួនវិញ ។ ចំណែកស្ត្រីចិនរងរបួសស្រាល បានហៅរ៉ឺម៉កម៉ូតូជិះបន្តដំណើរទៅទៀត ។ ដោយឡែកជនសង្ស័យឃើញសភាពបែបនេះ បានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល ៕
» ព័ត៌មានជាតិ » បុរសរត់ម៉ូតូឌុបម្នាក់ បានដឹកស្ត្រីជាជនជាតិចិន ត្រូវចោរ២នាក់ឆក់កាបូបស្ពាយ តែមិនបានសម្រេច