ប៉ៃលិន ៖ សកម្មភាពយកគ្រឿងចក្រទៅជីកកកាយដីភ្នំនោះ បានកើតឡើងកាលពីវេលាម៉ោង០១ និង៣០នាទីរសៀលថ្ងៃទី១៥ សីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចដីថ្មី ខាងក្រោយកាស៊ីណូម្កុដពេជ្រ ក្បែរបន្ទាយយោធា ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
បុរសម្នាក់ត្រូវគេស្គាល់ថា ជាមន្ត្រីយោធាបានយកគ្រឿងចក្រទៅជីកកកាយដីភ្នំមួយកន្លែង ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បណ្តាលឱ្យបាត់បង់នូវសោភ័ណភាព និងខូចទ្រង់ទ្រាយដើម ខណៈអ្នកសារព័ត៌មានចុះសួរនាំ ស្រាប់តែម្ចាស់គ្រឿងចក្របានអះអា ងថា មានការសុំអនុញ្ញាតច្បាប់ចេញពីអាជ្ញាធរមូលដ្ឋានតាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើអស់ហើយ ។ តែខាងអាជ្ញាធរស្រុកសាលាក្រៅ និងមន្ទីរបរិស្ថានខេត្តបានបដិសេធដាច់ខាត ព្រមទាំងបញ្ជាឱ្យកម្លាំងជំនាញ ចុះទៅដកកូនសោគ្រឿងចក្រនោះ ចេញមិនឱ្យបន្តសកម្មភាពទៀតឡើយ ។
មន្ត្រីយោធាម្នាក់ប្រចាំការនៅព្រំដែនកម្ពុជាថៃក្បែរច្រកទ្វារ អន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានធ្វើសកម្មភាពយកគ្រឿងចក្រទៅជីកកកាយដីភ្នំនៅចំណុចខាងលើ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយពេលនោះ មានខាងសារព័ត៌មានជាច្រើនបានចុះទៅថតរូបយកសកម្មភាពការឈូសឆាយនោះ ស្រាប់តែម្ចាស់គ្រឿងចក្របានអះអាងថា ខាងមន្ត្រីយោធានោះបានសុំច្បាប់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់អស់ហើយ ទើបនាំគ្នាឈូសឆាយដីភ្នំនេះតែម្តង ។ ប្រភពបន្តទៀតថា ពេលនោះគេមិនឃើញមានអាជ្ញាធរណាម្នាក់ចុះទៅធ្វើការហាមឃាត់ទេ ដោយបណ្តែតបណ្តោយឱ្យជីកកកាយស្ទើរអស់រលីងតែម្តង ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោកសំ សារ៉េត អភិបាលស្រុកសាលាក្រៅបានឱ្យដឹងថា ខាងអាជ្ញាធរមិនបានចេញលិខិតអនុញ្ញាតឱ្យនរណាម្នាក់យកគ្រឿងចក្រទៅ ជីកកកាយដីភ្នំធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ឬធ្វើអ្វីផ្សេងនោះឡើយ ។ លោកបន្តទៀតថា បើសិនជាគេអះអាងដូចខាងលើនោះ សូមឱ្យទទួលទោសតាមផ្លូវច្បាប់ ហើយខាងលោកនឹងចាត់ក្រុមការងារឱ្យចុះទៅត្រួតពិនិត្យ ដើម្បីធ្វើការហាមឃាត់ភ្លាមៗផងដែរ ៕