ភ្នំពេញ ៖ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង២៥នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នៅក្នុងបន្ទប់ផ្ទះជួលជាន់ទី៣ ផ្ទះលេខ ២៤១ (ខាងលើភោជនីយដ្ឋាន ឡាគ្រ័រសែត) ដែលមានទីតាំងនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៤៤ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
បុរសរងគ្រោះឈ្មោះ PLESSIS Nicolas, Louis, Alexis ជនជាតិបារាំង អាយុ២៦ឆ្នាំ ជាអ្នកទេសចរណ៍ បានមកស្នាក់នៅក្នុងបន្ទប់ផ្ទះជួលកើតហេតុខាងលើតែម្នាក់ឯង ។
មុនពេលកើតហេតុ ខណៈពេលដែលអ្នកបោសសំអាតម្នាក់បានឡើងទៅគោះទ្វារដើម្បីធ្វើការ សំអាតបន្ទប់ តែគ្មានសំឡេងឆ្លើយតបឡើយ ។ ដោយគោះទ្វារហៅយ៉ាងយូរហើយមិនមានអ្នកណាម្នាក់ចេញមកបើកទ្វារនោះ ក៏កើតមានការសង្ស័យក៏ចុះទៅយកកូនសោមកចាក់បើកទ្វារចូលទៅ ក៏បានឃើញបុរសជនជាតិបារាំងរូបនោះកំពុងតែដេកដណ្តប់ភួយនៅលើគ្រែ ពូក និងដើរចូលទៅដាស់មិនក្រោក ទើបដឹងថាបុរសរូបនោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ហើយក៏មានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់កម្លាំងមានសមត្ថកិច្ចមូលដ្ឋានពីរឿងនេះភ្លាមៗ ផងដែរ ។
ក្រោយពេលទទួលបានព័ត៌មានភ្លាម កម្លាំងមានសម្ថកិច្ចជំនាញមូលដ្ឋានសហការជាមួយមន្ត្រីរបស់ស្ថានទូត បារាំង បានចុះមកធ្វើការត្រួតពិនិត្យ និងកោសល្យវិច្ច័យ ឃើញថា បុរសជនជាតិបារាំងរងគ្រោះបានស្លាប់ដោយសារតែជំងឺគាំងបេះដូង ដែលបណ្តាលមកពីរូបគេបានប្រើប្រាស់ថ្នាំញៀនមួយប្រភេទច្រើនហួស កម្រិត ទើបបណ្តាលឲ្យស្លាប់បែបនេះ ៕
» ព័ត៌មានជាតិ » បុរសវ័យក្មេងជនជាតិបារាំងម្នាក់ ដោយសារតែជំងឺគាំងបេះដូង