ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៥ សីហា ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថបញ្ជូនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ។
ការបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនោះគ្រាន់តែជាការបង្គ្រប់កិច្ច (តាមពេលវេលានៃការឃាត់ខ្លួនតែប៉ុណ្ណោះ ដើម្បីកុំឲ្យផុតម៉ោង) ។ ពេលនាំខ្លួនបង្ហាញមុខនៅស្ថាប័នអយ្យការហើយ ក៏ត្រូវនាំយកទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញវិញ ។
ជនសង្ស័យទាំង៣នាក់ គិតតាំងពីថ្ងៃឃាត់ខ្លួនមកដល់ពេលនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេ ហើយរិតតែលាក់បាំងថែមទៀតពីដំណើររឿង ដែលឈានដល់ការបាញ់សម្លាប់ជនរងគ្រោះយ៉ាងព្រៃផ្សៃក្នុងហាង ។ ការឃាត់ខ្លួនពួកគេសមត្ថកិច្ចបានដកហូតអាវុធខ្លីចំនួន២ដើម ប៉ុន្តែមិនទាន់ត្រូវបានបង្ហាញថា ជនសង្ស័យណាម្នាក់ជាជនដៃដល់ បាញ់ប្រហារលើជនរងគ្រោះពិតប្រាកដ និងមូលហេតុការនៃបាញ់ប្រហារគ្នា បណ្តាលមកពីរឿងអ្វីនោះឡើយ ខណ:ពេលកាមេរ៉ាសុវត្ថិភាព ត្រូវបានគណ:កម្មការឆែកឆេរឃើញសកម្មភាពពេលកើតហេតុគ្រប់គ្រាន់ក៏ ដោយ ។ អ្នកតាមដានលើករណីបាញ់សម្លាប់ប្អូនជីដូនមួយនាង ខៀវ សុខារ៉ាវី នៅតែមានមន្ទិលថា សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាញ់ប្រហារគ្នាជាក់ស្តែងប៉ុណ្ណឹងហើយ ក៏នៅតែមានការបិទបាំងព័ត៌មាននេះម្ល៉េះ? គួរណាស់លាតត្រដាងឲ្យអ្នកតាមដានបានដឹង ដើម្បីកុំឲ្យមានការសង្ស័យវែងឆ្ងាយ ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា ដែលរហ័សរហួនក្នុងការផ្តល់ព័ត៌មានឲ្យក្រុមអ្នកសារព័ត៌មានតាម បណ្តាញតេឡេក្រាម លោកបានបញ្ជាក់ថា ពេលនេះលោកកំពុងជាប់សវនាការ មានន័យថាមិនផ្តល់ព័ត៌មានអ្វីបានទេ ។
គួរបញ្ជាក់ថាព្រឹកថ្ងៃ១៤ សីហា សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្កើតគណៈកម្មការមួយ ដែលមានស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចូលរួម ដើម្បីឆែកមើលកាមេរ៉ាសុវត្ថិភាព ទាក់ទិនសកម្មភាពរឿងប្អូនប្រុសបង្កើត ខៀវ សុខារ៉ាវី ជាប់ចោទបាញ់សម្លាប់បងប្រុសជីដូនមួយ បណ្តាលឲ្យបាត់បង់អាយុជីវិតម្នាក់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
ប្រភពព័ត៌មានក៏ឲ្យដឹងទៀតថា បានជាសមត្ថកិច្ចកងរាជអាវុធហត្ថបង្កើតគណ:កម្មការឆែកឆេរកាមេរ៉ា សុវត្ថិភាពនោះ ដោយយោងទៅលើចម្លើយជនសង្ស័យ២នាក់ ដែលឃាត់ខ្លួនឆ្លើយបដិសេធមិនទទួលស្គាល់ថា ពួកគេជាអ្នកបាញ់នោះឡើយ ។ លទ្ធផលឆែកកាមេរ៉ានោះសមត្ថកិច្ចមិនទាន់ត្រូវបានទម្លាយទេ ។ ប្អូនប្រុសបង្កើតរបស់តារាសម្តែងល្បីឈ្មោះ ខៀវ សុខារ៉ាវី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីបាញ់សម្លាប់បងប្រុស ជីដូនមួយរបស់ខ្លួនកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៣ សីហា នៅក្នុងអនលីយូម៉ាត (ONLY U MART) នៅជិតផ្សាររាត្រី ផ្ទះលេខ១៦៥Eo ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ដែលជាផ្ទះរបស់តារាសម្តែងនាង ខៀវ សុខារ៉ាវី ។ សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលស្លាប់នេះឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិ៣ ឃុំព្រះពន្លា ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ត្រូវជាបងប្អូនជីដូនមួយរបស់តារាសម្ដែង ខៀវ សុខារ៉ាវី ។ ចំណែកជនសង្ស័យដែលកងរាជអាវុធហត្ថចាប់ឃាត់ខ្លួននោះមានម្នាក់ជា ប្អូនប្រុសបង្កើតរបស់តារាសម្ដែង ខៀវ សុខារ៉ាវី ឈ្មោះ ខៀវ ថនវណ្ឌឌី ភេទប្រុស អាយុ២៦ឆ្នាំ ។
មុនពេលកើតហេតុគេបានឃើញបុរស៣នាក់ដើរចូលទៅក្នុងម៉ាតខាងលើ ហើយធ្វើការវាយតប់ទៅលើជនរងគ្រោះរហូតឈានដល់ផ្ទុះអាវុធ២គ្រាប់ បណ្ដាលឲ្យជនរងគ្រោះដេកដួលក្នុងថ្លុកឈាមនៅក្នុងម៉ាត បន្ទាប់មកត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះ កេតុមាលា ប៉ុន្តែជាអកុសលពេលដឹកទៅដល់ត្រូវបានក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ ក្រោយពេលកើតហេតុ កងអាវុធហត្ថខណ្ឌដូនពេញបានចុះមកដល់ ដោយបានឃាត់ខ្លួនមនុស្ស៣នាក់ និងអាវុធខ្លី១ដើម យកទៅបញ្ជាការដ្ឋានកងរាជអាវុធហ្ថតខណ្ឌដូនពេញ ដែលក្នុងចំណោម៣នាក់មានម្នាក់ជាប្អូនប្រុសបង្កើតរបស់តារាសម្ដែង ខៀវ សុខារ៉ាវី ផងដែរ ដើម្បីធ្វើការសាកសួរ ។ បើតាមសំដីរបស់តារាសម្ដែង ខៀវ សុខារ៉ាវី បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ហេតុការណ៍ដែលបានកើតឡើងនេះ គឺបានបណ្ដាលឲ្យម្ដាយនាងភ័យយ៉ាងខ្លាំងរហូតដួលសន្លប់ ក្នុងពេលដែលម្ដាយនាងមានជំងឺលើសឈាមប្រចាំថ្ងៃផង ។ នាងបានបន្តទៀតថា នៅពេលដែលមានហេតុការណ៍ក្នុងហាងខ្លួននោះ គឺរូបនាងនៅក្នុងបន្ទប់ទឹក ហើយក្រោយពីនាងបានដឹងនោះ គឺប្អូនប្រុសជីដូនមួយរបស់នាងបានត្រូវគេបាញ់ស្លាប់មានឈាមដាបនៅ លើឥដ្ឋបាត់ហើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសពដែលតម្កល់ទុកនៅវត្តពោធិ៍យារាម ហៅវត្តចាស់ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា គឺឃើញថា សពមានបែកក្បាលខាងស្ដាំ និងត្រូវចំខ្នងក្រោយមួយគ្រាប់ និងកំភួនជើងស្ដាំ១គ្រាប់ ។ ជនសង្ស័យនិងកាំភ្លើង ត្រូវបានកងរាជអាវុធខណ្ឌដូនពេញបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជ ហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕
» ព័ត៌មានជាតិ » ជនជាប់សង្ស័យ៣នាក់ ករណីបាញ់សម្លាប់ប្អូនជីដូនមួយតារាសម្តែងនាង ខៀវ សុខារ៉ាវី នៅតែលាក់បាំងព័ត៌មាន?