(ពោធិ៍សាត់)៖ បុរសវ័យ៥៦ឆ្នាំម្នាក់ បានសម្រេចចិត្តចងក ធ្វើអត្តឃាតនឹងខ្សែក្រមា ក្នុងបន្ទប់ទឹក ដោយសារតែមានជំងឺប្រចាំកាយ ជាពិសេសមានសតិមិនល្អចេះតែដើរវង្វេងវង្វាន់។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ កើតឡើងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក យ៉ែម យឿន អធិការរងនគរបាលស្រុក បាកាន បាន ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ុន លឹម អាយុ ៥៦ឆ្នាំ មានកូនឈ្មោះ ស៊ឹម រក្សា ភេទស្រី អាយុ ១២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ លោកអធិការរង បានបន្តថា មូលហេតុដែលនាំឲ្យបុរសវ័យចំណាស់ សម្រេចចិត្តចងក ដោយសារតែរូបគាត់ មានជំងឺប្រចាំកាយជាប្រចាំ ជាពិសេសមានសតិមិនល្អ ចេះតែដើរវង្វេងវង្វាន់ ហើយប្រពន្ធមិននៅផ្ទះ ទៅធ្វើការរកស៊ីនៅប្រទេសថៃបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ព្រមទាំងបានស្រាវជ្រាវ និងពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាបានចងកនឹងខ្សែក្រមាព័ណ៌ក្រហម ក្នុងបន្ទប់ទឹកពិតប្រាកដមែន ហើយសាកសពត្រូវប្រគល់ឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
» ព័ត៌មានជាតិ » បុរសវ័យ៥៦ឆ្នាំម្នាក់ សំរេចចិត្តចងកបញ្ចប់ជីវិត ចោលកូនស្រីអាយុ១២ឆ្នាំ នៅស្រុកបាកាន