ស្វាយរៀង ៖ រឿងអាស្រូវបានផ្ទុះឡើងនៅមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដែលមានលោក កែរ រដ្ឋា ជាប្រធានមន្ទីរ កំពុងធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជន ព្រោះថារយៈថ្មីៗនេះ លោកប្រធានមន្ទីរ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញថា ប្រធានមន្ទីររូបនេះ បានទទួលសំណូកពីមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលក្របខ័ណ្ឌជាមន្ត្រីសុខាភិបាល ។
ប្រភពអ្វីដែលធ្វើឲ្យចាប់អារម្មណ៍បំផុតពីមន្ត្រី ដែលជាប់កិច្ចសន្យានោះ គឺបានធ្លាយចេញរឿងកិបកេងថវិកាជាតិ ដែលប្រព្រឹត្តដោយលោកប្រធាន មន្ទីរ កែរ រដ្ឋា និងលោកប្រធានការិយាល័យគណនេយ្យ ហេម បេណាលី ដែលបានបំផ្លាញថវិកាជាតិ ក្នុងរយៈពេលជាច្រើនឆ្នាំ អស់រាប់ពាន់លានរៀល តាមរយៈការបំប៉ោងការចំណាយផ្សេងៗ ដែលមិនប្រក្រតី ។ ដោយក្នុងនោះ ថវិកាភាគច្រើនដែលចំណាយ ទៅលើការថែទាំនិងជួសជុល ផ្នែកជួយប្រជាជនសំរាកពេទ្យនិងការចំណាយថវិការេច្ចទ័យ រួមនិងការ ប្រើប្រាស់ប្រេងឥន្ធនៈ ។ ប៉ុន្តែចាប់តាំងពីលោកកែរ រដ្ឋា បានឡើងជាប្រធានមន្ទីរបន្តពីសពលោកប៉ែន សុនណា រឿងអាស្រូវជាច្រើនដែលគាត់ប្រព្រឹត្តត្រូវបានបិទបាំងយ៉ាងល្អ ទើបតែពេលថ្មីនេះបានធ្លាយរឿងអាស្រូវរបស់គាត់ ក្នុងការទារប្រាក់ពីមន្ត្រីជាប់កិច្ចសន្យាម្នាក់ៗរាប់ពាន់ដុល្លារ ជាថ្នូរនិងការចូល ក្របខ័ណ្ឌមន្ត្រីសុខាភិបាល។ ករណីនេះធ្វើឲ្យមានការប្តឹងមកកាន់អង្គភាពប្រឆាំងអំពើពុករលួយ ហើយ អង្គភាពមួយនេះ ក៏បានហៅលោកកែរ រដ្ឋា មកចូលបំភ្លឺ ទន្ទឹមនិងការចូលបំភ្លឺលោកកែរ រដ្ឋា ធ្វើការគំរាមប្តឹងដល់អ្នកដែលប្តឹងគាត់ និងបានធ្វើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ភស្តុតាងបានថែមទៀត នេះបើតាមការអះអាងថា របស់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដែលថ្លែងប្រាប់វិទ្យុបារាំង នាពេលថ្មីកន្លងមក ។
ប្រភពបានអះអាងថា រឿងដែលមានការប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ គឺជារឿងតូចមួយរបស់លោកប្រធានមន្ទីរ កែរ រដ្ឋា តែប៉ុណ្ណោះ ។ សំរាប់រឿងជាច្រើន នៅក្នុងមន្ទីរសុខាភិបាលខេត្តស្វាយរៀង គឺពោរពេញទៅដោយអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែរឿងនេះត្រូវបានលាក់កំបាំងយ៉ាង ស្ងាត់ស្ងៀម ទើបមានការផ្ទុះចេញនូវការប្តឹង នាពេលថ្មីនេះ ក៏បានធ្លាយចេញបន្ថែមនូវរឿងអាស្រូវ ពុករលួយដ៏ធ្ងន់ធ្ងរ ដែលទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធគួរចុះស្រាវជ្រាវការចំណាយថវិកាជាតិនៅមន្ទីរសុខាភិបាលខេត្តស្វាយរៀង ឲ្យបានស៊ីជំរៅ ដើម្បីរកឲ្យឃើញនូវអំពើពុករលួយ ។ ទោះជាយ៉ាងណាក្តី ព័ត៌មាននេះមិនដឹងជាពិតក្នុងកម្រិតណានោះទេ ព្រោះមិនអាចសុំការបំភ្លឺពីអ្នកពាក់ព័ន្ធបានទេ កាលពីម្សិលមិញ ៕ ដោយ៖ ព្រហ្ម ពៅ
» Breaking News, ព័ត៌មានជាតិ » ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ផ្ទុះរឿងអាស្រូវកាន់តែច្រើន