ខ្សឹប ៖ លោកញ៉ែម ហេមម៉ាត អតីតប្រធានការិយាល័យគយប្រចាំច្រកអូររំដួល ស្ថិតនៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវអគ្គនាយកដ្ឋានគយនិងរដ្ឋាករដកបញ្ឈរជើង កាលពីអំឡុងខែមិថុនាឆ្នាំ២០១៦ ព្រោះតែមានរឿងអាស្រូវពុករលួយ ធ្វើឲ្យបាត់បង់ថវិកាចំណូលរដ្ឋជាច្រើនពាន់លានរៀល តែឥឡូវមន្ត្រីគយមួយចំនួន បានខ្សឹបតាមរយៈគេហទំព័រអរិយធម៌ថា គាត់កំពុងរត់ការបានចុះទៅកន្លែងដើមវិញ ព្រោះទីនោះ ជាឆ្នាំងបាយមិនចេះរីងស្ងួត ។
មន្ត្រីគយនៅច្រកអូររំដួលបានខ្សឹបឲ្យឮថា លោកញ៉ែម ហេមម៉ាត កាលពីគាត់ធ្វើជាប្រធានការិយាល័យ ប្រចាំច្រកនោះ គឺមហាសែនពូកែស៊ីដាច់កូនចៅ ធ្វើការអត្តនោម័តម្នាក់ឯង មិនស្តាប់យោបល់ថ្នាក់ក្រោម ទេ ម៉ាត់ណាក៏គាត់ថា ដកលុយក្នុងកេសខ្មៅទៅស៊ីផឹកជាមួយថ្នាក់លើដែរ ហើយបើមន្ត្រីថ្នាក់ក្រោមហ៊ានសួរនាំ ច្បាស់ជាដកបញ្ឈរជើងមិនខាន ។ ដោយទង្វើអាក្រក់កិបកេងលុយរដ្ឋ ស៊ុមគ្រលំជាមួយ ឈ្មួញខិលខូច ទើបថ្នាក់លើដឹងរឿងដកមកបញ្ឈរជើងនៅអគ្គនាយកដ្ឋាន ។ ប៉ុន្តែឥឡូវនេះឮថា លោក ម្នាក់នេះកំពុងតែរត់ការរកខ្សែទុយោ ដើម្បីតូបានទៅគ្រប់គ្រងកន្លែងដើមវិញ ព្រោះទីនោះស្រួលរកលុយ ច្រកហោប៉ៅ ។
មន្ត្រីគយបានខ្សឹបឲ្យឮទៀតថា សូមអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតលើលោកម្នាក់ នេះផង ពិសេសលោកអគ្គនាយកគយតែម្តង ប្រយ័ត្នថ្នាក់ក្រោមក្រូម៉េឯកសារអត់បានដឹងចេះតែស៊ីញ៉េ។ គេនិយាយថា លោកញ៉ែម ហេមម៉ាត បានដើរអួតឡង់សេប្រាប់គេឯងថា គាត់ជិតមានឱកាសទៅ ប្រមូលប្រាក់នៅច្រកនោះវិញហើយ ។
មន្ត្រីគយនៅច្រកនោះនាំគ្នាតក់ស្លុតយ៉ាងខ្លាំង ខណៈបានឮព័ត៌មានថា មេរបស់គេបានទៅកន្លែងដើម វិញនេះ ។ ទោះជាយ៉ាងណាក្តីគេមិនដឹងថា ព័ត៌មាននេះពិតក្នុងកម្រិតណានោះទេ ព្រោះមិនអាច ទំនាក់ទំនងលោកញ៉ែម ហេមម៉ាត បានកាលពីម្សិលមិញ ៕ ដោយ៖ ឧត្តម
» Breaking News, ព័ត៌មានជាតិ » កន្លែងចាស់ស្រួលរកលុយ