ខេត្តពោធិ៍សាត់ ៖ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណជិត ៦ល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅភូមិស្រែឫស្សី ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
គ្រូពេទ្យដែលចាក់ថ្នាំគេស្លាប់នោះឈ្មោះប្រាក់ សាវៃ ភេទប្រុស អាយុ៤៣ឆ្នាំ បំរើការងារនៅមណ្ឌលសុខភាពឃុំកំពង់លួង ស្រុកក្រគរ (មានក្របខណ្ឌរដ្ឋត្រឹមត្រូវ) ។ ចំណែកយាយចំណាស់រងគ្រោះឈ្មោះ ជា វ៉ាង អាយុ៧៦ឆ្នាំ រស់នៅភូមិខ្សាច់ល្អិត ឃុំអន្សារចំបក់ ស្រុកក្រគរ ។
តាមការស្រាវជ្រាវគឺលោកយាយដែលជាជនរងគ្រោះនោះគាត់មានជំងឺប្រចាំ កាយច្រើនប្រភេទជាយូរមកហើយ ហើយកន្លងមកគាត់តែងតែដើរព្យាបាលគ្រូខ្មែរបូរាណគ្រប់ទីកន្លែងតែ មិនជា ។ ជាក់ស្ដែងកាលពីថ្ងៃទី១៣សីហានោះ គាត់បានឲ្យគ្រូខ្មែរឈ្មោះ ឈួន ឆុន ដាក់ថ្នាំបញ្ចុះឲ្យរាគខ្សោះអស់ពីខ្លួន ។ លុះវេលាម៉ោង៤ល្ងាចថ្ងៃដដែលដោយសារល្វើយអស់កម្លាំងខ្លាំងពេក គាត់(ជនរងគ្រោះ)បានប្រើចៅរបស់គាត់ឲ្យទៅហៅពេទ្យឈ្មោះ ប្រាក់ សាវៃ ខាងលើមកចាក់ថ្នាំកម្លាំងឲ្យ ។ មួយសន្ទុះក្រោយមកពេទ្យឈ្មោះ ប្រាក់ សាវៃ បានមកដល់ ហើយបានចាក់ថ្នាំកម្លាំងឲ្យគាត់ចំនួនពីរម្ជុលរួចហើយក៏ត្រឡប់ទៅ ផ្ទះវិញ ។ នៅវេលាម៉ោង៥ និង២០នាទីល្ងាច ស្រាប់តែយាយចំណាស់រូបនោះបានដាច់ខ្យល់ស្លាប់បាត់ទៅ ក៏មានការភ្ញាក់ផ្អើលតែម្ដង ។
លោកអធិការ ឯម រុន បានឲ្យដឹងថា បន្ទាប់ពីរឿងបានក្លាយទៅជាបែបនេះហើយកូនចៅខាងជនរងគ្រោះបានស្នើ ឲ្យគ្រូពេទ្យជួយថវិកាចំនួន១០០០ដុល្លារសហរដ្ឋអាមេរិកដើម្បីយកមក ធ្វើបុណ្យជូនម្ដាយ ។ ដំបូងគ្រូពេទ្យរូបនោះមិនព្រមទេ តែដោយសារក្រោយមកខាងគ្រួសារជនរងគ្រោះគំរាមប្ដឹងក៏ព្រមវិញ ដើម្បីបញ្ចប់រឿង ៕
» ព័ត៌មានជាតិ » លោកយាយចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីគ្រូពេទ្យចាក់ថ្នាំកម្លាំងឲ្យ២ម្ជុល