កណ្តាល ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦នេះ ខ្មាន់កាំភ្លើងបាញ់សម្លាប់បុរសម្នាក់ នៅទឹកដីស្រុកកណ្តាល ខេត្តកណ្តាល កាលពី៤ថ្ងៃមុននោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ស្រាវជ្រាវតាមចាប់បានហើយ នៅក្បែរផ្សារសូរិយា ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មូលហេតុដែលនាំខ្មាន់កាំភ្លើងបាញ់សម្លាប់ជនរងគ្រោះគឺដោយសារអត់លុយសង។
យ៉ាងណាក៏ដោយ មន្ត្រីអាវុធហត្ថមិនទាន់អាចបញ្ជាក់ព័ត៌មានលម្អិត ពីដំណើរឿងនេះឡើយទេ ដោយស្ថិតនៅក្រោមការសួរនាំសិន។ អំពើឃាតកម្មបាញ់សម្លាប់បុរសម្នាក់ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជនដៃដល់បានប្លុងរថយន្តចោល នៅតាមផ្លូវជាតិលេខ២ ទឹកដីស្រុកបាទី ខេត្តតាកែវ មុនពេលរត់គេចខ្លួនបាត់។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តខាងលើមានម៉ាក Vista ពណ៌ការ៉ុត ស្លាកលេខភ្នពេញ 2AK-7925 ត្រូវកម្លាំងរបស់លោកតាមទាន់ នៅកន្លែងដែលជនដៃដល់ប្លុងចោល។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណសង្ស័យជនជាតិបរទេស អាយុជាង៤០ឆ្នាំ។ នៅវេលាម៉ោងប្រមាណ៤និង៣០នាទីរសៀលថ្ងៃនេះមានមនុស្សគ្នា៣នាក់ បានមកជជែកគ្នា នៅចំណុចសាលាសំណាក់ រង្វង់មូលភូមិកោះខ្នុរ លុះដល់ម៉ោងប្រមាណ ៥និង៣០នាទី ក៏មានការបាញ់សម្លាប់ រួចបើករថយន្តគេចខ្លួន រហូតប្លុងរថយន្តចោលតែម្តង៕
» ព័ត៌មានជាតិ » ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់បុរសម្នាក់ ប៉េអឹមចាប់បានហើយ មូលហេតុជនឃាតករជំពាក់លុយជនរងគ្រោះ