ភ្នំពេញ ៖ កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២២ កញ្ញា ២០១៣។ អ្នកបើករថយន្តតាក់ស៊ីម៉ែត្រម្នាក់ ខណៈដឹកនារី២នាក់ទៅជួបមន្ត្រីនគរបាលអន្តរាគមន៍ខណ្ឌចំការមនក៏ ត្រូវមន្ត្រីនគរបាលរូបនោះវាយបែកមាត់ហូរឈាម និងវាយបាក់អង់តែនរថយន្ត បង្កឱ្យមានការភ្ញាក់ផ្អើល នៅចំណុចមុខភោជនីយដ្ឋានភ្នំពេញឈៀងម៉ៃ
តាមផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដោយសារខឹងរង់ចាំយូរ។
ប្រភពព័ត៌មានបានឱ្យដឹងថា មន្ត្រីនគរបាលម្នាក់នេះត្រូវគេស្គាល់ឈ្មោះជួន កែវសុភ័ក្រ អាយុជាង៣០ឆ្នាំ ជាមន្ត្រីនគរបាលអន្តរាគមន៍ខណ្ឌចំការមន ដែលមានរហស្សនាម៣៣១ បានទូរស័ព្ទណាត់នារី២នាក់ទៅជួបនៅហាងភ្នំពេញឈៀងម៉ៃ ដោយរង់ចាំនៅភោជនីយដ្ឋានមុន ចំណែកនារី២នាក់នោះជិះរថយន្តតាក់ស៊ីម៉ែត្រពណ៌ស ពាក់
លេខរៀង៣៩ក្នុងបំណងទៅជួបមន្ត្រីនគរបាលរូបនោះ។
ក្រោយកើតហេតុប៉ូលិសបានចុះទៅជួយអន្តរាគមន៍ឃាត់ខ្លួនជនបង្ក និងជនរងគ្រោះទៅធ្វើការដោះស្រាយ ដោយជនរងគ្រោះទារសងជំងឺចិត្ត១.០០០ដុល្លារ តែខាងជនបង្កសងត្រឹម២០០ដុល្លារ ជនរងគ្រោះមិនព្រម នគរបាលបានបញ្ជូនសំណុំរឿងទៅដោះស្រាយបន្តនៅអធិការដ្ឋានខណ្ឌចំការមន៕