កំពង់ឆ្នាំង:ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១និង៣០នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ នៅទំនប់២០ឧសភា ក្នុងឃុំមេលំ ស្រុកបរិបូរណ៍ ជាប់ព្រំប្រទល់ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
ក្មេងប្រុសជំទង់ ២ នាក់បងប្អូនបង្កើតត្រូវទឹកកួចលិចបាត់ ក្នុងខណ:ពេលដែលពួកគេចុះទៅលេងទឹកជាមួយក្រុមគ្រួសារ និងប្រជាពលរដ្ឋជាច្រើនទៀត។
ក្មេងប្រុសរងគ្រោះទាំង ២ នាក់ មានម្នាក់ឈ្មោះ ឆៃ សុផានិត អាយុ១៧ឆ្នាំ ត្រូវជាបង និងម្នាក់ទៀតឈ្មោះ ឆៃ សុវណ្ណវឌ្ឍនា អាយុ១៤ឆ្នាំ ត្រូវជាប្អូន ពួកគេមានទីលំនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
ប្រភពពីក្រុមគ្រួសារបានអោយដឹងថា នៅក្នុងថ្ងៃកើតហេតុនោះ ក្មេងប្រុសរងគ្រោះទាំង ២ នាក់រួមនិងក្រុមគ្រួសារ បានទៅដាក់បិណ្ឌនៅវត្តស្រះកែវ នៅពេលត្រឡប់មកវិញ ក៏ឈៀងចូលងូតទឹកលេង នៅទំនប់២០ឧសភា ដែលទំនប់នេះមានប្រជាពលរដ្ឋជាច្រើនបានទៅលេងផងដែរ។ ក្នុងខណៈពេលដែលពួកគេកំពុងចុះលេងទឹកនោះ ស្រាប់តែឈ្មោះ ឆៃ សុវណ្ណវឌ្ឍនា បានរអិលជើងធ្លាក់ទៅក្នុងទឹកជ្រៅ ហើយត្រូវទឹកកួចបណ្តាលអោយលង់លិចបាត់។ រហូតមកដល់ព្រឹកថ្ងៃទី២៣ខែកញ្ញានេះ សពក្មេងប្រុសទាំង ២ នាក់ ក្រុមគ្រួសាររកមិនទាន់ឃើញនៅឡើយទេ៕
» ព័ត៌មានជាតិ » លេងទឹកលង់ស្លាប់ ២ នាក់បងប្អូន រីឯម្តាយបានអ្នកបង់សំណាញ់ជួយទាន់