ភ្នំពេញ: កាលពីវេលាម៉ោង ១១យប់ថ្ងៃទី២២ កញ្ញា ២០១៣ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ខណៈបើកម៉ូតូវីវ៉ាទៅបុករថយន្ត បើកឆ្លងផ្លូវ នៅចំណុចផ្លូវលេខ២៧១កែងផ្លូវលេខ៤៦៤ ខាងមុខផ្ទះលេខ១០២យីហោ សុខ សួរ លក់និងប្តូរប្រេងម៉ាស៊ីនម៉ូតូ ស្ថិតក្នុងសង្កាត់
ទួលទំពូងទី២ ខណ្ឌចំការមន។
សមត្ថកិច្ចបាន ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ស្លៀកខោខ៉ូវប៊យជើងវែង ពាក់អាវយឺតសដៃខ្លី បើកម៉ូតូវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1G-6924 ចំណែកអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណដូចគ្នា។
សាក្សីបាន ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តប្រភេទទួរីស បិទស្លាកសញ្ញាស្រាបៀអង្គរ ពាក់ស្លាលេខភ្នំពេញ 2F-9138 បើកតាមផ្លូវលេខ២៧១ក្នុងទិដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុរថយន្តបានឆ្វេងឆ្លងផ្លូវចូលផ្លូវលេខ៤៦៤ ភ្លាមនោះក៏មានម៉ូតូវីវ៉ាជិះគ្នា២នាក់ បើកយ៉ាងលឿន ជ្រុលចង្កូតទៅបុករថយន្តពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ បាក់កស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរបានរងរបួសធ្ងន់
៕
» ព័ត៌មានជាតិ » ម៉ូតូបុកឡាន ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់