សៀមរាប ៖ កាលពីព្រឹកថ្ងៃទី២២ កញ្ញា ឆ្នាំ២០១៣ មេដឹកនាំគណបក្សសង្គ្រោះជាតិ មានលោក សម រង្ស៊ី និងលោក កឹម សុខា បានដឹកនាំក្រុមតំណាងរាស្ត្រជាប់ឆ្នោតរបស់ខ្លួនទៅធ្វើពិធី ស្បថស្បែនៅមុខប្រាសាទអង្គរវត្ត ដើម្បីសច្ចារួមគ្នាធ្វើពហិកាមិនចូលរួមសម័យប្រជុំសភាជាលើក ដំបូងនៅថ្ងៃទី២៣ កញ្ញា នេះ ទោះបីជាមានព្រះរាជ
វត្តមានព្រះមហាក្សត្រព្រះបរមនាថនរោត្តម សីហមុនី យាងធ្វើជាព្រះរាជាធិបតីភាពក៏ដោយ ។
ពិធីស្បថស្បែតាមបែបសាសនាដែលមានបង្កប់នូវ ពាក្យពេចន៍នយោបាយដ៏ចម្រូងចម្រាសនោះ បានធ្វើឡើង នៅមុខប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់ កម្ពុជា ។ អ្វីដែលជាការគួរឱ្យកត់សម្គាល់នោះគឺ គណបក្សនេះបានប្រកាសតំណាងរាស្ត្រជាប់ឆ្នោតរបស់ខ្លួនរហូតដល់ ៦៣នាក់ មិនមែន
៥៥នាក់នោះទេ និងមានការចូលរួមពីអ្នកគាំទ្ររាប់រយនាក់ផងដែរ ។ នេះជាដំណើរមកកាន់ខេត្តសៀមរាបជាលើកទី៣ហើយ របស់ក្រុមមេដឹកនាំបក្សសង្គ្រោះជាតិ ដែលជាបក្សប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច នៅក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ ដោយរាល់លើកគេតែងតែឃើញមានការទៅបួងសួង ឬស្បថស្បែនៅមុខប្រាសាទអង្គរវត្ត ឬអាស្រមព្រះអង្គចេក អង្គចម ធ្វើដូចពួកគេជឿខ្លាំងណាស់ ។
គួរកត់សម្គាល់ថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ បានរៀបចំបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ ចប់សព្វគ្រប់ដោយរលូននៅថ្ងៃទី២៨ កក្កដា ២០១៣ កន្លងទៅនេះ ដោយមានគណបក្សនយោបាយចំនួន៨ ចូលរួមប្រកួតប្រជែងដណ្តើមអាសនៈចំនួន១២៣
នៅក្នុងសភាជាតិ ក៏ប៉ុន្តែនៅចុងបញ្ចប់មានតែគណបក្សចំនួនពីរប៉ុណ្ណោះមានវាសនាទទួល បានអាសនៈក្នុងសភា ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជាកំពុងគ្រប់គ្រងរាជរដ្ឋាភិបាល ទទួលបានអាសនៈចំនួន៦៨ និងគណបក្សសង្គ្រោះជាតិដែលជាបក្សប្រជែងទទួលបានអាសនៈចំនួន៥៥ ។ នេះបើយោងតាមការប្រកាសជាផ្លូវការរបស់
គ.ជ.ប កាលពីថ្ងៃទី៨ កញ្ញាកន្លងទៅ ៕