កំពង់ឆ្នាំង ៖ បុរសម្នាក់ភ័យរហូតដល់ខ្យល់គរដួលសន្លប់នៅក្នុងបន្ទប់ឃាត់ខ្លួន ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាន នគរបាលខេត្ត នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣ បន្ទាប់ពីបានដឹងខ្លួនថា ត្រូវសមត្ថកិច្ចបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តក្រោយពីបានផឹកស៊ីស្រវឹងវាយបងបង្កើតខ្លួនឯងមួយពូថៅដល់លលាដ៏ក្បាល
ក្រោយពេល កើតហេតុសមត្ថកិច្ច បញ្ជូនជនដៃដល់ដែលមាន ឈ្មោះ សំរិត ស៊ត អាយុ៤៨ឆ្នាំ រស់នៅភូមិអង្គរជ្រុំ ឃុំកោះថ្កូវ ស្រុកជលគីរី មានប្រពន្ធឈ្មោះ ស៊ន ស៊ីណុន អាយុ៣៨ឆ្នាំ ទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្ត។
គួរបញ្ជាក់ផងដែរថា កាលពី ថ្ងៃទី១៨ ខែកញ្ញា វេលាម៉ោង២និង៣០នាទីរសៀល បុរសរងគ្រោះឈ្មោះ សំរិត សឿន អាយុ៦២ឆ្នាំ ជាបងបង្កើតរស់នៅក្នុងភូមិជាមួយគ្នា បានបើកាណូតមកយកដើមចេកពីផ្ទះប្អូន ហើយបានចងកាណូតនៅក្រោមផ្ទះឈ្មោះ សំរិត ស៊ត។ ពេលគេកំពុងឈរជជែកគ្នាលេងជាមួយអ្នកផ្សេងក្នុងភូមិ ក៏ស្រាប់តែជនដៃដល់ក៏បានយកពូថៅវាយបុរសរងគ្រោះចំក្បាលផុង១ ខ្នងពូថៅ ដោយសារធ្លាប់មានគំនុំកន្លងមក បណ្ដាលអោយបុរសរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរដួលផ្កាប់មុខសន្លប់ឈាម ហូរជោគដីនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ បុរសរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅកាន់មណ្ឌលសុខភាពឃុំ រួចបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត រូបគាត់បានសន្លប់រហូត ដោយសភាពរបួស ធ្ងន់ធ្ងរ គ្រូពេទ្យខេត្តបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រុងភ្នំពេញ។ មកដល់ថ្ងៃទី២១ ខែកញ្ញានេះ ក្រុមគ្រួសារបានអោយដឹងថា បុរសរងគ្រោះនៅសន្លប់រហូត៣យប់៣ថ្ងៃហើយបានដឹងខ្លួនម្តងៗ ក្នុងភាពរវើរវាយតែប៉ុណ្ណោះសង្ឃឹមរស់តិចណាស់។
ក្រោយពីបានសាកសួរចម្លើយធ្វើសំណុំរឿងតាមនីតិវិធី នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះសមត្ថកិច្ចត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ក៏ស្រាប់តែគេបានភិតភ័យរហូតដល់ខ្យល់គរដួលសន្លប់តែម្តង។ ក្រោយពេលគេដឹងខ្លួននឹងបានធូរស្រាលសមត្ថកិច្ចនិងធ្វើការ បញ្ជូនរូបគេទៅសាលាដំបូងខេត្ត៕By nayphu
» ព័ត៌មានជាតិ » ផឹកស្រវឹងចិត្តហ៊ាន ពេលឃើញក្តារមឈូសទើបស្រក់ទឹក