ភ្នំពេញ ៖ កាលពីវេលាម៉ោង ២២ និង២០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ តាមបណ្តោយ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ គ្រោះថា្នក់ចរាចរណ៍ដ៏រន្ធត់មួយរវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើត ហេតុ និង ម្នាក់ទៀតស្លាប់ពេលបញ្ជូន
ទៅដល់មន្ទីរពេទ្យ ដោយឡែកបុរស២នាក់ផ្សេងទៀតដែលរួមដំណើរជាមួយនឹងម៉ូតូមួយគឿង ទៀតក៏ត្រូវរងរបួសធ្ងន់និងស្រាល ផងដែរ ។
តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសម្នាក់ដែលស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុមានឈ្មោះ សឿន ព្រំវិចិត្រ អាយុ៣១ឆ្នាំ មុខរបរជាមន្ត្រីកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ស្នាក់នៅផ្ទះលេខ៦១៦ ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានជិះម៉ូតូធុនធំ ម៉ាកបាចា ពណ៌លឿងលាយខ្មៅ ពាក់ស្លាកលេខ
ភ្នំពេញ 1BX-9319 ជិះធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីកើតទៅលិច ដោយជិះក្នុងល្បឿនលឿនហើយ ជែងជាមួយរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បណ្តាលឲ្យជ្រុលចង្កូតទៅ បុកជាមួយនឹងម៉ូតូស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1D-5814 ដែលកំពុងជិះឌុបគ្នា៣នាក់ ធ្វើដំណើរតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចទៅបញ្ច្រាស់ទិសគ្នាយ៉ាងលឿន ទើបបណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលគរគ្នារងការខូចខាត និងបុរសម្នាក់ឈ្មោះ សឿន ព្រំវិចិត្រ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ ចំណែក៣នាក់ទៀតត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រោយពេលកើត ហេតុភ្លាមៗ ប៉ុន្តែជាអកុសលពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ
ត្រូវស្លាប់ម្នាក់ ថែមទៀត ៕