កាលពីពេលថ្មីៗនេះ មន្ត្រីយោធាអាមេរិកមួយរូបទៀតត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងករណី អំពើពុករលួយ ដែលមានទំហំទឹកប្រាក់ រាប់សិបលានដុល្លារអាមេរិក។ មេបញ្ជាការកងទ័ពជើងទឹក របស់អាមេរិក រូបនេះត្រូវគេដឹងថា មានដើមកំណើតខ្មែរ ។
យោងតាមប្រភពព័ត៌មានពី CNN បានឲ្យដឹងថា មនុស្សចំនួន ៣ រូប ត្រូវបានចាប់ខ្លួន កាលពីដើមសប្តាហ៍ កន្លងទៅនេះ ដោយក្នុងនោះរួមមាន លោក Michael Vannak Khem Misiewicz ជាមេបញ្ជាការកងទ័ពជើងទឹកអាមេរិក ជាមួយនឹង លោក John Bertrand Beliveau II ជាភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្មកងទ័ពជើងទឹកអាមេរិក និង លោក Leonard Glenn Francis ជានាយកប្រតិបត្តិ ក្រុមហ៊ុន Glenn Defense Marine Asia Ltd. ដែលមានទីតាំង ស្ថិតនៅប្រទេសសឹង្ហបុរី។
ក្នុងនោះ តាមព័ត៌មាន ដែលបានចេញផ្សាយ ដោយការិយាល័យមេធាវី របស់អាមេរិក បានឲ្យដឹងថា លោក Misiewicz វ័យ ៤៦ឆ្នាំ រូបនេះ បានប្រើប្រាស់តួនាទីរបស់ខ្លួន ជាអនុប្រធានការិយាល័យ ប្រតិបត្តិការ កងទ័ពជើងទឹកអាមេរិក ដើម្បីជួយរៀបចំ កំណត់ពេលលវេលា ឲ្យនាវាជើងទឹកអាមេរិក ចូលមកចត នៅកំពង់ផែមួយកន្លែង ដែលមានក្រុមហ៊ុនរបស់លោក Francis ជាអ្នកទំនុកបំរុង និង ផ្តល់សេវាកម្មអោយ ដោយក្នុងនោះ មានដូចជា ការផ្តល់នាវាសណ្តោង ផ្តល់សេវាកម្មត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព ផ្តល់សេវាដឹកជញ្ជូន ផ្គត់ផ្គង់ស្បៀងនិងសម្ភារៈផ្សេងៗ ការចាក់ប្រេង និង សម្អាតនាវា។
យ៉ាងណាមិញ ជាការតបស្នង លោក Francis បានផ្គាប់ចិត្ត លោក Misiewicz ដោយបានចេញថ្លៃធ្វើដំណើរ និងថ្លៃស្នាក់នៅ ក្នុងសណ្ឋាគារទំនើបៗ ព្រមទាំងផ្តល់ សេវាបំរើផ្លូវភេទជូនដល់ លោក Misiewicz ថែមទៀតផង។
មួយវិញទៀត លោក Misiewicz ដែលជាមេបញ្ជាការកងទ័ពជើងទឹកអាមេរិក មានដើមកំណើតខ្មែររូបនេះ ថែមទាំងបាន ផ្តល់នូវព័ត៌មានមួយចំនួន ដោយសង្ងាត់ និងបិទជិតមិនអោយនរណាម្នាក់ដឹង ដល់លោក Francis ដែលជាពលរដ្ឋមួយរូប របស់ប្រទេសម៉ាឡេស៊ី ទៀតផង ដែលនេះ វាអាចបង្ក អោយមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់សុវត្ថិភាពជាតិ នៃសហរដ្ឋអាមេរិក បើតាមការលើកឡើង ពីការិយាល័យ មេធាវីរបស់ អាមេរិក។
លោក Misiewicz មានរឿងក្តី ស៊ីសំណូក មួយទៀតរឿងក្តីចោទប្រកាន់ទៅលើ លោក Beliveau ដែលបានប្រព្រឹត្តអំពើពុករលួយ នេះផងដែរ ដោយលោក Beliveau បានចាត់ចែងរៀបចំឲ្យមានការធ្វើដំណើរកំសាន្តមកកាន់ទីក្រុងបាងកក ប្រទេសថៃ ទៀតផង៕