ខេត្តរតនគិរី ៖ កាលពីវេលាម៉ោង ៣ និង ៤៥នាទី រសៀលថ្ងៃទី២០ កញ្ញា ២០១៣។ បុរស ២នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងរថយន្តដឹកខ្សាច់ ដែលហេតុការណ៍នេះ បានកើតឡើង ត្រង់ចំណុចភ្នំយោល ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៧៨A ក្នុងភូមិតាជាន់ ឃុំឯកភាព ស្រុកអូរជុំ ។
តាមប្រភពពីមន្ត្រីប៉ូលិសចរាចរណ៍ បានឱ្យដឹងថា ជនរងគ្រោះទាំង ២នាក់ ពុំទាន់ស្គាល់អត្តសញ្ញាណទេ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ អត់មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៧៨A ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបែនដីដឹកខ្សាច់ ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ 3A-0043 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បានបោះពួយមកបុកម៉ូតូជនរងគ្រោះពេញទំហឹងតែម្តង បណ្តាលឱ្យអ្នកទាំង២ ស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល ដោយទុករថយន្តបង្កចោលចម្ងាយប្រមាណជា ៥០ម៉ែត្រ ពីកន្លែងកើតហេតុ ៕