ភ្នំពេញ ៖ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២១ កញ្ញា ២០១៣នេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា នឹងដឹកនាំបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនីតិកាលទី៥នៃរដ្ឋសភា ចូលថ្វាយបង្គំគាល់និងដាក់ញត្តិថ្វាយព្រះមហាក្សត្រ ។
ប្រភពពីមន្ត្រីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីចូលថ្វាយបង្គំនិងដាក់ញត្តិថ្វាយព្រះមហាក្សត្ររួច នៅម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២១កញ្ញាដដែលនេះលោក សម រង្ស៊ី និង លោក កឹម សុខា និងបេក្ខជនជាប់ឆ្នោតតំណារាស្ត្រទាំងអស់ នឹងបន្តដំណើរឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីធ្វើពិធីសាសនានៅទីនោះ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០កញ្ញា លោក សម រង្ស៊ី បានសរសេរលិខិតទូលថ្វាយព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ដោយបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងមិនចូលរួមប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ កញ្ញា ២០១៣ខាងមុខនេះទេ ។
នៅក្នុងលិខិតដែលចុះហត្ថលេខាដោយ លោកសម រង្ស៊ី ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី២០ កញ្ញា ២០១៣ លោក សម រង្ស៊ី ក៏បានទូលថ្វាយទៀតថា បេក្ខជនតំណាងរាស្ត្រទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិ នឹងចូលរួមប្រជុំនៅពេលណា ដែលគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា មានការឯកភាពគ្នា ជាមុនសិនក្នុងការដោះស្រាយបញ្ហាជាតិធំៗ ស្របតាមព្រះរាជតម្រិះរបស់ព្រះអង្គ និងបានស្នើសុំឲ្យព្រះមហាក្សត្រពន្យារពេលប្រជុំសភាលើកដំបូងនេះ ៕