ក្រុមរកស៊ីដឹងជញ្ជូនទំនិញនិងប្រជាពលរដ្ឋ មួយចំនួនមានការខ្សឹបខ្សៀវ រអ៊ូរទាំ សម្តែងភាពក្តៅក្រហាយយ៉ាងខ្លាំងចំពោះលោក ខូង ទីន ដែលជាមេមន្ត្រីនគរបាលអន្តោរប្រវេសន៍ គ្រប់គ្រង ច្រកអន្តរជាតិអូរស្មាច់ ទីតាំងនៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្នុងនោះមានអំពើពុករលួយបង្ខំឲ្យអ្នកដំណើរឆ្លងកាត់ព្រំដែនបង់លុយតាមតែខ្លួនកំណត់ផ្ទាល់មាត់ ជាងនេះទៅទៀតនោះ ក្រុមឈ្មួញរកស៊ីនាំទំនិញតាមរទេះត្រូវបានមន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងនោះជំរិតបង្ខំឲ្យបង់ប្រាក់ឆៅៗតាមតែចិត្តគេទារ និងយកលុយពីមេខ្យល់ជាច្រើនចូលហោប៉ៅផ្ទាល់ខ្លួន។
ករណីឃុបឃិតឲ្យ ពលករលួចឆ្លងដែនខុសច្បាប់ តាមរយៈមេខ្យល់ប្រមាណ ៤ទៅ៥នាក់ ក៏ជាប្រភពចំណូលដ៏សំខាន់ របស់លោក ខូង ទីន ដូចជាមេខ្យល់ម្នាក់ អាចនាំពលករឆ្លងដែនមួយក្រុម មានគ្នាចាប់ពី ៥ទៅ១០នាក់ ហើយក្នុងមួយថ្ងៃៗ មានពលករឆ្លងដែនខុសច្បាប់ ចាប់ពី៥០ទៅ៨០នាក់ គេមិនដែលឃើញ នគរបាលអន្តោប្រវេសន៍របស់លោក ខូង ទីន ទប់ស្កាត់ការធ្វើចំណាកស្រុក ដោយខុសច្បាប់ឲ្យស្របតាមបទបញ្ជា របស់រាជរដ្ឋាភិបាលម្តងណាឡើយ ។ មេខ្យល់បានយកប្រាក់ ពីពលករចំណាកស្រុកក្នុងម្នាក់ៗចំនួន ២៥០០បាត ហើយយកទៅបែងចែកលោក ខូង ទីន ទើបអាចឆ្លងដែនដោយខុសច្បាប់ ដោយគ្មានសេចក្តីភ័យខ្លាច។
ពាក់ព័ន្ធករណីនេះ អាជ្ញាធរក្រុងសំរោង ក៏មិនសប្បាយចិត្តចំពោះ មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិអូស្មាច់នោះទេ ព្រោះអាជីវករជាច្រើនធ្លាប់បានប្តឹងផ្តល់ ឲ្យអាជ្ញាធរក្រុងសំរោង ជួយដោះស្រាយបញ្ហារបស់ពួកគេ នៅពេលដែលនគរបាល អន្តោប្រវេសន៍របស់លោក ខូង ទីន បង្ខំឲ្យបង់លុយចាប់ពី ១ម៉ឺនរៀល រហូតដល់៥ម៉ឺនរៀល អាស្រ័យទៅលើទំនិញតិចឬច្រើន។
ដូច្នេះប្រសិនបើទុកឲ្យ ភាពអសកម្មបែបនេះបន្តកើតមាន គ្មានដំណោះស្រាយ ប្រកដជាធ្វើអោយមន្ត្រីទាំងនោះកាន់តែបានចិត្ត ធ្វើឲ្យមានអំពើពុករលួយកាន់តែច្រីនៗ អាចនឹងក្រុមអាជីវករ ប្រជាពលរដ្ឋនាំគ្នាធ្វើបាតុកម្មប្រឆាំង នគរបាលអន្តោប្រវេសន៍ ក្រោមបញ្ជារបស់លោក ខូង ទីន មិនផុតឡើយ។ លោក អភិបាលខេត្តឧត្តរមានជ័យ សរ ថាវី មិនគួរមើលរំលងភាពអសកម្ម ដែលកំពុងកើតមាននៅ ច្រកអន្តរជាតិអូស្មាច់នោះទេ ព្រោះអំពើគាបជំរិតប្រជាពលរដ្ឋ និងអ្នករកស៊ីដឹកជញ្ជូនទំនិញ ឲ្យបង់លុយតាមតែអំពើចិត្ត ក៏ជាផ្នែកមួយនៃការទទួលខុសត្រូវ របស់អភិបាលខេត្តឧត្តរមានជ័យផងដែរ៕ វីលៀម
» ព័ត៌មានជាតិ » ខូង ទីន រងការរិះគន់ថា ឲ្យមន្ត្រីក្រោមឱវាទធ្វើអំពើពុករលួយ