ភ្នំពេញ៖ បុរស២នាក់រងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ កាលពីម៉ោង១៩ និង៣០នាទី យប់ថ្ងៃទី១៩ ខែកញ្ញា នៅចំណុចផ្លូវលេខ៣១៥ កែងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានបាននិយាយឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាករ៉េហ្វ័រ ពណ៌សំបកឪឡឹកមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2B-7604 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច តាមផ្លូវលេខ៥២៨ ។
ខណៈមកដល់កន្លែងកើតហេតុរថយន្តបានបត់ឆ្វេងមកផ្លូវលេខ៣១៥ ក៏ទៅបុកម៉ូតូស៊ុយហ្ស៊ុយគី ស្ទេបពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1J-4004 ជិះដោយយុវជន២នាក់ ក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យរងរបួសធ្ងន់ ។
អ្នករងរបួសទាំង២នាក់ត្រូវបានរថយន្តសាមុយដឹកទៅកាន់គ្លីនិកឯកជន ។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចចុះមកវាស់វែង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕