ភ្នំពេញ ៖កាលពីវេលាម៉ោង ៤ និង ២០នាទី ទៀបភ្លឺចូលថ្ងៃទី២០ កញ្ញា ២០១៣ នៅចំណុចមុខផ្ទះសំណាក់ ហេង លី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ រថយន្តកាមរីគូទស្វិត ១គ្រឿង បើកបរដោយបុរសម្នាក់ បានពន្លះជាមួយដើមអំពិលបារាំង ១ដើម បណ្តាលឲ្យដាច់ជា ២កំណាត់ រួចជ្រុលទៅបុកបង្គោលភ្លើង ១ដើម គាបរថយន្ត
ជាប់បើកទៅមុខលែងរួច បណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់ ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកាមរីគូទស្វិត ១គ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2B-7657 បើករបរដោយបុរសម្នាក់ឈ្មោះ ប្លង់ រតនា អាយុ ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពី
លិចទៅកើត ខណៈមកដល់មុខផ្ទះសំណាក់ ហេង លី ស្រាប់តែរថយន្តរេចង្កូតទៅបុកដើមអំពិលបារាំង ១ដើម ដាច់ជា ២កំណាត់ រួចជ្រុលទៅបុកគាបជាប់នឹងបង្គោលភ្លើង ១ដើមទៀត ទើបរថយន្តបើកទៅមុខលែងរួច និងបណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់ ៕