ភ្នំពេញ ៖ ប្រភពព័ត៌មានបានទម្លាយចេញពីគណបក្សសង្គ្រោះជាតិបានដឹងថាលោក សម រង្ស៊ី មានបំណងចង់ចូលស្រុកវិញ មុនបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ប៉ុន្តែកំពុងរកច្រកចរចាជាមួយគណបក្សកាន់អំណាច។ ករណីនេះ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានអះអាងថា ពេលលោក សម រង្ស៊ី ទៅក៏គ្មាននរណាដេញ ហើយពេលគាត់ចូលក៏គ្មាននរណាហៅដែរ ដូច្នេះគាត់ចង់ចេញចង់ចូលស្រេចតែចិត្តរបស់គាត់។
ថ្មីៗកន្លងមកនេះ លោក សម រង្ស៊ី បានសរសេរក្នុងហ្វេសប៊ុកពីក្រៅប្រទេសមកថា ការបោះឆ្នោតនៅកម្ពុជា៤-៥លើកកន្លងមកគ្មានយុត្តិធម៌ទេ គឺមានតែមួយលើកប៉ុណ្ណោះ នៅឆ្នាំ១៩៩៣។ ប៉ុន្តែខណៈលោក សម រង្ស៊ី ចង់ចូលស្រុកមុនបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងបោះឆ្នោតសកលនៅឆ្នាំ២០១៨ បែរជាលោក យឹម សុវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ការបោះឆ្នោតដោយសេរី និងយុត្តិធម៌វាទាល់តែមានគណបក្សនយោបាយចូលរួមប្រកួតដោយស្មើភាពគ្នា ហើយវាទាល់តែមានមេដឹកនាំគណបក្សនយោបាយចូលរួមក្នុងការឃោសនាបោះឆ្នោត។ ប៉ុន្តែបើមិនមានវត្តមានថ្នាក់ដឹកនាំគណបក្សរបស់ខ្លួនទេ វាមិនអាចមានភាពសេរី និងយុត្តិធម៌ ក្នុងការបោះឆ្នោតនោះទេ ដែលអាចឆ្លុះបញ្ជាំងពីការគាបសង្កត់ និងគ្មានភាពយុត្តិធម៌ ។ គេឆ្ងល់ថា ការបោះឆ្នោតតាំងពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១៣ សុទ្ធតែមានវត្តមានលោក សម រង្ស៊ី ទាំងអស់ ចុះហេតុអ្វីបានជាលោក សម រង្ស៊ី ថា ការបោះឆ្នោតនោះ គ្មានយុត្តិធម៌ គឺមានតែមួយលើក? អ៊ីចឹងបានន័យថា លោក សម រង្ស៊ី និយាយផ្សេង លោក យឹម សុវណ្ណ និយាយផ្សឹង។
អ្នកវិភាគនយោបាយបានលើកឡើងថា រឿងលោក សម រង្ស៊ី អាចចូលស្រុកវិញបាន ខណៈគាត់អនុវត្តន៍ទោស១ភាគ៣ ឲ្យរួចរាល់សិន ហើយទើបសុំចរចា សុំការអនុគ្រោះពីសម្ដេច ហ៊ុន សែន ដើម្បីបើកផ្លូវសុំការលើកលែងទោសពីព្រះមហាក្សត្រ នោះទើបលោក សម រង្ស៊ី មានសេរីភាពដូចគេឯងបាន ។ ប៉ុន្តែកន្លងមកសម្ដេច ហ៊ុន សែន បានព្រលយពាក្យមិនចំពោះនរណាម្នាក់ទេថា កុំសង្ឃឹមខ្ចីដៃខ្ញុំ ដើម្បីលើកលែងទោសឲ្យសោះ។ សម្ដេចបានបន្តថា បើអ្នកឯងស្លូត ខ្ញុំគិតតាមស្លូត បើអ្នកឯងកាចចាំគិតទៀត។ ដូច្នេះការលើកឡើងរបស់លោក យឹម សុវណ្ណ និងក្ដីស្រមៃរបស់លោក សម រង្ស៊ី ចង់ចូលស្រុកវិញមុនបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នោះ ទំនងជាទៅមិនរួចឡើយ ព្រោះបច្ចុប្បន្នកម្ពុជាកំពុងតែធ្វើឲ្យប្រទេសមួយនេះ ក្លាយជាប្រទេស ដែលមាននីតិរដ្ឋ អ៊ីចឹងហើយ លោក សម រង្ស៊ី ត្រូវតែចូលសម្រាកពន្ធនាគារសិន ទើបមានឱកាសឲ្យព្រះមហាក្សត្រលើកលែងទោសបាន ហើយមានឱកាសចូលរួមឃោសនាបោះឆ្នោត តែសូមផ្ដាំថា បើបានចូលរួមឃោសនាបោះឆ្នោតហើយចាញ់កុំឡាំប៉ាទៀត៕ ដោយ ឧត្តម