ភ្នំពេញ ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរត់គេចខ្លួនទៅឲ្យបរទេសជួយ បានសរសេរក្នុងហ្វេសប៊ុករបស់គាត់ថា ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមកមានតែម្ដងគត់យុត្តិធម៌ គឺនៅឆ្នាំ១៩៩៣ ក្រៅពីនោះអយុត្តិធម៌ទាំងអស់។
តាៗអ្នកនយោបាយតាមតុកាហ្វេបានបញ្ចេញទស្សនៈថា ការលើកឡើងរបស់លោក សម រង្ស៊ី មេគណបក្សប្រឆាំង ដែលមិនធ្លាប់ទទួលបានការឈ្នះឆ្នោតម្ដងណានោះ ពិតជាមិនត្រឹមត្រូវនោះទេ ព្រោះការបោះឆ្នោតឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១៣ គឺសុទ្ធតែយុត្តិធម៌ទាំងអស់ ហើយការចូលរួមបោះឆ្នោត និងការចូលរួមសង្កេតការណ៍ម្ដងៗ សុទ្ធតែមានគណបក្សប្រឆាំង អង្គការសង្គមស៊ីវិលនានាចូលរួមរហូត។ ដូច្នេះការលើកឡើងរបស់លោក សម រង្ស៊ី គ្រាន់តែជាការលួងចិត្តសមាជិក សមាជិការបស់គាត់ កុំឲ្យបាក់ទឹកចិត្តតែប៉ុណ្ណោះទេ។ តាៗទាំងនោះបានបន្ថែមទៀតថា បើកីឡាប្រដាល់គេចាញ់ដល់ទៅ៤-៥លើកបែបនេះ គេឈប់ចូលប្រកួតជាមួយដៃគូទៀតហើយ តែសម្រាប់គណបក្សប្រឆាំង ដូចមិនចេះរាងចាលសោះ ពេលខ្លួនឯងចាញ់ឆ្នោតបែរជាថា ការបោះឆ្នោតនោះ មិនត្រឹមត្រូវ តែប្រសិនបើខ្លួនឯងឈ្នះឆ្នោតវិញម្ដងទំនងជាថា ត្រឹមត្រូវមិនខានឡើយ។ ដូច្នេះការបោះឆ្នោតទាំង៤-៥លើកកន្លងមក គឺគណបក្សសង្គ្រោះជាតិមិនដែលស្គាល់រសជាតិថា ឈ្នះឆ្នោតម្ដងណាទេ ហើយពេលលទ្ធផលឆ្នោតចេញមកគណបក្សនេះ តែងតែប្រកាសថា មិនត្រឹមត្រូវ។ គេសួរថា បើដឹងថា ការបោះឆ្នោតទាំងប៉ុន្មានលើកមិនត្រឹមត្រូវ ហេតុអ្វីគណបក្សប្រឆាំងបញ្ជូនសមាជិក សមាជិកាឲ្យទៅសង្កេតការណ៍ និងឲ្យទៅបោះឆ្នោតធ្វើអ្វី? នេះស បញ្ជាក់ឲ្យឃើញថា គណបក្សសង្គ្រោះជាតិក៏ចង់ កាន់អំណាចដូចគណបក្សប្រជាជនកម្ពុជាដែរ តែវាទៅមិនរួច ព្រោះគណបក្សនេះ (គណបក្សសង្គ្រោះជាតិ) ចេះតែដើរស្រែក តែមិនចេះបញ្ចេញសកម្មភាពអភិវឌ្ឍន៍ប្រទេសឲ្យប្រជាពលរដ្ឋបានឃើញ ទើបគេមិនបោះឆ្នោតឲ្យ។
តាៗទាំងនោះ បានបន្ថែមទៀតថា ល្មមលោក សម រង្ស៊ី លោក កឹម សុខា និងសមាជិកសមាជិកា ប្ដូរយុទ្ធសាស្រ្តពីដើរជេរគេឯង និងចេះតែដើរស្រែក ងាកមកខំប្រឹងអភិវឌ្ឍន៍បង្កើតនូវសមិទ្ធផលផ្សេងៗវិញ ក្រែងលោហ៍អាចមានសង្ឃឹមនៅឆ្នាំ២០១៨ខាងមុខ តែបើមិនកែចរិតជេរគេជេរឯងទេនោះ ទោះខំប្រឹង១០០ជាតិទៀតក៏មិនឈ្នះគណបក្សប្រជាជនកម្ពុជាដែរ ព្រោះប្រជាជននាបច្ចុប្បន្ននេះ ពួកគាត់មើលពីសកម្មភាពការងារ និងការអភិវឌ្ឍប្រទេស មិនជឿនូវការសន្យាខ្យល់នោះទៀតទេ ។ ដូច្នេះលោក សម រង្ស៊ី ដែលបានលើកឡើងថា ការបោះឆ្នោត ដែលត្រឹមត្រូវយុត្តិធម៌មានតែម្ដងគត់នៅឆ្នាំ១៩៩៣នោះ គឺមិនពិតទេ សូមឈប់ដើរបោកប្រាស់សមាជិកសមាជិកា និងប្រជាពលរដ្ឋទៀតទៅ ព្រោះគេធុញថប់ និងសម្ដីមិនបានការបែបនេះណាស់៕ ដោយ ឧត្តម